681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់លើក្រុមហ៊ុន«ផលិតដំណាប់ស្វាយ»១កន្លែង ក្រោយដំណើរការមិនគោរពតាមច្បាប់បរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងបរិស្ថាន

កំពង់ធំ៖ ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញមានការបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន បានដំណើរការដោយគ្មានលិខិតបទដ្ឋានគតិយុត្តិ និងមិនបានបំពាក់ឧបករណ៍សម្អាតបរិស្ថានឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន។

ក្រសួងបរិស្ថានបានតម្រូវឱ្យផ្អាកផលិតកម្មជាបណ្តោះអាសន្ន ដើម្បីធ្វើការសម្អាតសំណល់រាវ និងទប់ស្កាត់ការបំពុលបរិសា្ថន។ ក្រសួងបានតម្រូវឱ្យក្រុមហ៊ុន បញ្ឈប់ការបញ្ចេញសំណល់រាវកខ្វក់ជាបន្ទាន់ទោះរូបភាពណាក៏ដោយ ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ត្រូវកែសម្រួលប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដា ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន តាមការគណនាជាក់ស្ដែង និងត្រូវទុកដាក់សំណល់សំបក និងគ្រាប់ស្វាយឱ្យបានត្រឹមត្រូវ និងហាមដាច់ខាតដុតសំណល់គ្រប់ប្រភេទ។

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញ និងអាជ្ញាធរ បានធ្វើការចុះត្រួតពិនិត្យ ការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុនខាងលើ។ ក្រុមការងារបានរកឃើញ ក្រុមហ៊ុនបានបញ្ចេញផ្សែងចេញពី បំពង់ផ្សែងឡចំហាយ ដោយលទ្ធផលទទួលបាន CO=3237ppm NOx=4771ppm SO2=1232ppm លើសកម្រិតកំណត់ស្ដង់ដា។

លើសពីនេះក្រុមហ៊ុនបានបើកដំណើរការចាប់ពីខែកុម្ភៈឆ្នាំ២០២៥ ពុំមានកិច្ចសន្យាបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងបរិស្ថាន។ ក្រុមហ៊ុន ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយបង្ហូរសំណល់រាវដោយផ្ទាល់ចូលប្រឡាយ និងអាចហូរចូលស្ទឹងធម្មជាតិនៅពេលបរិមាណសំណល់រាវច្រើន។ កន្លងមកនេះក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់ ដោយទុកដាក់សំណល់មិនបានត្រឹមត្រូវ និងបានដុតសំរាម សំណល់ប្លាស្ទិក៕


Khcct banner

អត្ថបទទាក់ទង