ថៃ៖ តំណាងគណបក្សប្រជាជន លោក Rome Rangsiman នៅថ្ងៃ១០កុម្ភៈនេះ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួន ធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើការរៀបចំការបោះឆ្នោតជាតិថៃកាលពីពេលថ្មីៗនេះ ថាមានការប្រើប្រាស់ «លុយខ្មៅ» និងមានអំពើពុករលួយជាប្រព័ន្ធដែលមិនធ្លាប់មានពីមុនមក។លោកបានអំពាវនាវឱ្យមានអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះករណីនេះ ដើម្បីកុំឱ្យសំឡេងឆ្នោតរបស់ពលរដ្ឋថៃក្លាយជាគ្មានតម្លៃ។
បើតាមការបង្ហោះ លោកបានសង្កត់ធ្ងន់ថា ទោះបីជាគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ចំណាយថវិការាប់ពាន់លានបាតក្នុងការរៀបចំការបោះឆ្នោតនេះក៏ដោយ ក៏នៅតែបណ្តោយឱ្យមានកំហុសឆ្គងដែលមើលទៅហាក់ដូចជាមានការរៀបចំទុកជាមុន ជាជាងការធ្វេសប្រហែសដោយអចេតនា។ ទន្ទឹមនឹងនេះ លោកក៏បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ថាគណបក្សរបស់លោកបានលួចបន្លំសន្លឹកឆ្នោតនៅខេត្ត Phayao ដោយអះអាងថា គណបក្សប្រជាជនរបស់ខ្លួនទើបជាជនរងគ្រោះនៃកំហុសឆ្គងទាំងនេះ។
ទាក់ទិននឹងបញ្ហានេះ គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានណែនាំមន្ត្រីខ្លួនឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងគ្រប់ករណីទាំងអស់ ហើយពិនិត្យឡើងវិញនូវបញ្ហាមិនប្រក្រតីផ្សេងៗ ហើយគណបក្សនីមួយៗអាចដាក់ជូនការជំទាស់ចំពោះលទ្ធផលបោះឆ្នោតបានរហូតដល់ ៣០ ថ្ងៃបន្ទាប់ពីលទ្ធផលផ្លូវការត្រូវបានប្រកាស៕