ភ្នំពេញ៖ មន្ទីរពេទ្យហ្លួងម៉ែ ប្រកាសផ្តល់ជូនការពិនិត្យរក«ជំងឺមហារីកមាត់ស្បូន» ដល់ស្ត្រី ជារៀងរាល់ថ្ងៃ ដោយមិនគិតថ្លៃ។ មន្ទីរពេទ្យហ្លួងម៉ែ បានសហការជាមួយ អង្គការនគរទេព ផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនជូនដល់ស្រ្តី ដែលមានអាយុចាប់បី ២១ឆ្នាំ ដល់៦៥ឆ្នាំ។
មន្ទីរពេទ្យហ្លួងម៉ែ បានបញ្ជាក់ថាសម្រាប់លក្ខខណ្ឌដែលអាចធ្វើតេស្តរកជំងឺមហារីកមាត់ស្បូនរួមមាន៖ មិនត្រូវមានឈាមរដូវ, មិនត្រូវរួមភេទយ៉ាងតិច ៤៨ម៉ោង, មិនត្រូវសុលថ្នាំ ឬលាងសម្អាតខាងក្នុងទ្វាមាសយ៉ាងតិច ៤៨ម៉ោង និងមិនមានធ្លាក់សធ្ងន់ធ្ងរ (បើមានគួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាលជាមុនសិន)។
បើតាមមន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថាការធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន អាចជួយកាត់បន្ថយអត្រាកើតជំងឺនេះ និងអាចរកឃើញនៅដំណាក់កាលដំបូងបាន៕