ត្បូងឃ្មុំ៖ បន្ទាប់ពលរដ្ឋរាយការណ៍ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរ បានចុះត្រួតពិនិត្យនិង រកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតរបស់ទីតាំងអាជីវកម្មក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កក ៥ទីតាំង នៅក្នុងស្រុកមេមត់ បានបង្កបញ្ហាក្លិនអាក្រក់ ចេញពីកន្លែងជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ (ទឹកលាងសម្អាតក្នុងទីតាំងស្តុក)។
ក្រុមការងារជំនាញបានពិនិត្យឃើញថាក្រុមហ៊ុនទាំងអស់នោះ បានគ្រប់គ្រងសំណល់រាវ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងច្បាប់ (ពុំមានអាងសម្អាត) ដោយទីតាំងនីមួយៗ គ្រាន់តែមានរណ្តៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះ។ ជាមួយគ្នានេះទីតាំងអាជីវកម្មទាំងនោះ បានដំណើរការដោយកគ្មានកិច្ចសន្យាការពារបរិស្ថានផងដែរ។
ក្រសួងបានចាត់វិធានការច្បាប់ ដោយតម្រូវឱ្យទីតាំងអាជីវកម្មទាំងនោះ-ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ ក្រុមហ៊ុនអាជីវកម្មទាំងនោះ ក៏ត្រូវទទួលរងពិន័យអន្តរការណ៍ អនុលោមមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ការបង្កបញ្ហាក្លិនស្អុយ និងការរំខានដល់ការរស់នៅរបស់ពលរដ្ឋ (អនុលោមមាត្រា១៦១នៃក្រមបរិស្ថាននិងធនធានធម្មជាតិ) និងបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវ (អនុលោមមាត្រា១៥៦ មាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងឧបសម្ព័ន្ធ "ស្តង់ដារ" នៃអនុក្រឹត្យលេខ១០៣)។
លើសពីនេះ ក្រុមហ៊ុនអាជីវកម្មទាំងនោះ បានបើកដំណើរការ ពុំមានកិច្ចសន្យាការពារបរិស្ថាន គឺល្មើសមាត្រា៦៦៨នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៧២របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួង តម្រូវឲ្យម្ចាស់ទីតាំងនីមួយៗ អនុវត្តវិធានការកែប្រែ ដោយតម្រូវឱ្យរៀចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយត្រូវអនុលោមតាមគោលការណ៍បច្ចេកទេស និងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ និងទប់ស្កាត់ការបំពុលទឹកសាធារណៈ ឲ្យបានរួចរាល់ ក្នុងរយៈពេល៣ខែ។ លើសពីនេះ ម្ចាស់ទីតាំងនីមួយៗ ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន រួចត្រូវដាក់ជូនក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យ និងអនុម័ត ដោយអនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធ ឲ្យបានរួចរាល់ក្នុងរយៈពេល៣ខែ។
គួរបញ្ជាក់ថា ទីតាំអអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥រួមមាន ទីតាំងទី១.ស្ថិតនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ទីតាំងទី២.ស្ថិតនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ទីតាំងទី៣.ស្ថិតនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ទីតាំងទី៤.ស្ថិតនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ទីតាំងទី៥.ស្ថិតភូមិដក់ព័រ ឃុំទ្រៀក ស្រុកមេមត់៕