ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត គ្រោងរៀបចំដំណើរទស្សនកិច្ចមកកម្ពុជា នាពេលខាងមុខ អមជាមួយធុរជនសំខាន់ៗជាច្រើនរូបមកពីវិស័យផ្សេងៗគ្នា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ សក្តានុពលទេសចរណ៍ ពាណិជ្ជកម្ម និងការធ្វើធុរកិច្ចនៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងកំឡុងពេលជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នាថ្ងៃទី៨ កុម្ភៈ។
តបតាមការអញ្ជើញរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កំឡុងពេលចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥, លោក WALEED NASSER ALSHEHRI ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា មកទស្សនកិច្ចនៅកម្ពុជា និងពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ សក្តានុពលទេសចរណ៍ ពាណិជ្ជកម្ម និងការធ្វើធុរកិច្ចនៅកម្ពុជា។
លទ្ធផលនៃជំនួបនេះ នឹងបើកផ្លូវសម្រាប់រៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា នាពេលខាងមុខ ដែលក្នុងនោះនឹងមានការចូលរួមពីធុរជនសំខាន់ៗជាច្រើនរូបមកពីវិស័យផ្សេងៗគ្នា។ ទន្ទឹមនឹងនេះ ការពិភាក្សាក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ដោយផ្តោតលើការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍, ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ព្រមទាំងរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញទេសចរពីអារ៉ាប៊ីសាអូឌីត ឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង៕