ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យប្រជាពលរដ្ឋការពារខ្លួនពីការឆ្លងជំងឺស៊ីតាស៊ីស (Psittacosis) ដែលជាជំងឺមួយឆ្លងពីសត្វបក្សី ដូចជា សេក ព្រាប មាន់ និងសត្វស្លាបផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ ចម្លងមកមនុស្ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៦ ខែកុម្ភៈនេះ។
បើតាមក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺស៊ីតាកូស៊ីស បង្កឡើងដោយបាក់តេរី Chlamydia psittaci ភាគច្រើនឆ្លងនៅលើសត្វបក្សី ដូចជា សេក ព្រាប មាន់ និងសត្វស្លាបផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ។ ជំងឺស៊ីតាស៊ីសនេះ ឆ្លងតាមរយៈការដកដង្ហើមស្រូបធូលី ឬភាគល្អិតដែលមានមេរោគ ពីលាមកស្ងួត ទ្រុងបក្សី រោមសត្វ ឬទឹករំអិលពីសត្វបក្សី។ ជាមួយគ្នានេះ ការប៉ះពាល់ផ្ទាល់ ដូចជា ការថើបសត្វស្លាប ឬប៉ះរោម និងលាមកសត្វ ក៏អាចបង្កឱ្យមានការឆ្លងបានផងដែរ។ បន្ថែមពីនេះ បុគ្គលដែលមានហានិភ័យខ្ពស់ រួមមាន ម្ចាស់សត្វស្លាប អ្នកបង្កាត់ពូជ បុគ្គលិកហាងលក់សត្វចិញ្ចឹម បុគ្គលិករោងចក្រកែច្នៃសត្វបក្សី បុគ្គលិកសួនសត្វ ពេទ្យសត្វ និងបុគ្គលិកមន្ទីរពិសោធន៍ជាដើម។
ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា សម្រាប់មនុស្សវិញ រោគសញ្ញាឆ្លងពីជំងឺស៊ីតាស៊ីសអាចកើតឡើងក្នុងរយៈពេល ៥ ទៅ ១៤ ថ្ងៃ ឬអាចដល់ទៅ ១ ខែ បន្ទាប់ពីការប៉ះពាល់ រួមមាន ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំង ឬរលាកសួត។ ក្នុងករណីកម្រ ជំងឺអាចធ្ងន់ធ្ងរ និងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លើសពីនេះ ការឆ្លងមេរោគចំពោះសត្វស្លាប អាចបណ្តាលឱ្យសត្វឈឺធ្ងន់ ឬស្លាប់ ដោយបង្ហាញរោគសញ្ញា ដូចជា រាក រោមរួញ ថយចំណង់អាហារ ហូរសំបោរ ទឹករំអិលភ្នែក ឬច្រមុះ និងលាមកពណ៌បៃតង ខណៈសត្វស្លាបខ្លះ អាចផ្ទុកមេរោគដោយមិនបង្ហាញរោគសញ្ញា។
ដើម្បីបង្ការជំងឺឆ្លងស៊ីតាស៊ីស ក្រសួងសុខាភិបាល បានណែនាំឱ្យពលរដ្ឋ រក្សាអនាម័យល្អ ដោយលាងដៃជាប្រចាំ បន្ទាប់ពីប៉ះពាល់សត្វបក្សី ឬសម្អាតទ្រុង ចៀសវាងការថើបសត្វស្លាប ឬប៉ះពាល់ជិតស្និទ្ធជាមួយសត្វបក្សីឈឺ ឬងាប់ រក្សាអនាម័យទ្រុង និងកន្លែងចិញ្ចឹមឱ្យស្អាត មានខ្យល់ចេញចូលល្អ ព្រមទាំងពាក់ស្រោមដៃ និងម៉ាស នៅពេលសម្អាតកន្លែងមានកាកសំណល់សត្វបក្សី។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រាប់ឱ្យពលរដ្ឋ ប្រសិនបើមានរោគសញ្ញាស្រដៀងផ្តាសាយ បន្ទាប់ពីប៉ះពាល់ជាមួយសត្វបក្សី សូមទៅពិនិត្យពិគ្រោះសុខភាពឱ្យបានឆាប់រហ័ស និងជម្រាបជូនគ្រូពេទ្យអំពីប្រវត្តិប៉ះពាល់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។
គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា មិនទាន់រកឃើញករណីជំងឺនេះលើមនុស្សនៅឡើយទេ ប៉ុន្តែក្រសួងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត៕