681 ezgif.com resize
Swift cc time

នាយឧត្តមសេនីយ៍ ស ថេត ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៦ ខែកុម្ភៈនេះ បង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឲ្យអស់ពីកម្ពុជា ដើម្បីគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។ការដាក់បទបញ្ជាជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺកម្លាំងសមត្ថកិច្ចបានបង្ក្រាបជាបន្ដបន្ទាប់មកហើយ ប៉ុន្ដែពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការទទួលខុសត្រូវ ខណៈវិសាលភាពនៃការរីករាលដាលបទល្មើសនេះកាន់តែមានទំហំធំទៅៗ ដូច្នេះការពង្រីកការទទួលខុសត្រូវក៏កាន់តែធំដូចគ្នា។ លោកបន្តថា យុទ្ធនាការបោសសម្អាតនេះ គឺជាការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។លោកបានបញ្ជាក់ថា«ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែពង្រឹងការបោសសម្អាត បទល្មើសធំមួយនេះឲ្យស្អាតពីកម្ពុជា ហើយបន្ដទៀត គឺអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា អាយុជីវិតរបស់កម្ពុជាពីនេះទៅមុខ»។

គួរបញ្ជាក់ថា ប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញប្រមាណ៧០០នាក់ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ២,០៤៤នាក់ ក្នុងនោះជនជាតិចិន១,៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាន៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការ១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត២,៧២២នាក់៕


Khcct banner

អត្ថបទទាក់ទង