681 ezgif.com resize
Swift cc time

អាម៉េរិកផ្តល់ហិរញ្ញប្បទាន«ឥតសំណង»៥លានដុល្លារ សម្រាប់អង្គភាពCMACនិងអង្គការNPA

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក នៅថ្ងៃទី៥ ខែកុម្ភៈ ផ្តល់ហិរញ្ញប្បទានឥតសំណង(ជំនួយ)ចំនួន ៥.០០០.០០០ដុល្លារអាម៉េរិក សម្រាប់អង្គភាពCMACនិងអង្គការNPA តាមរយៈការអនុវត្តគម្រោងកម្មវិធីការស្រាវជ្រាវនិងបោសសម្អាតគ្រាប់បែកចង្កោម បោសសម្អាតមីន និងដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ សម្រាប់រយៈពេល១៨ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧ ដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន៥.០០០.០០០ដុល្លារអាម៉េរិក។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការ NPA ជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការNPA ក្រោមគម្រោង«ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា»។

ក្នុងនោះ អង្គភាពCMAC បានទទួលថវិកាចំនួន៤.០០០.០០០ដុល្លារអាម៉េរិក តាមរយៈអង្គការNPA និងអង្គការNPA បានទទួលថវិកាចំនួន១.០០០.០០០ដុលា្លរអាម៉េរិក។ គម្រោងនេះជួយគាំទ្រកម្លាំងជំនាញអង្គភាពCMAC ចំនួនប្រមាណជិត៣០០នាក់ ក្នុងកងឯកភាពកំចាត់មីនចំនួន២ នៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ ដែលទទួលបន្ទុកប្រតិបត្តិការដោយផ្ទាល់។

គួរបញ្ជាក់ថា សង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥កន្លងទៅ បង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌទូទៅ គំរាមកំហែងសុខសុវត្ថិភាពលេីផ្ទៃដីប្រមាណ៤៤១.៥៩៥ហិកតា ក្នុងភូមិសាស្ត្រនៃភូមិ៣៤០ មានជាង៩១.៤១១គ្រួសារ ពលរដ្ឋជិត៣៦៤,៦៩៤នាក់ ក្នុង៧ខេត្តតាមបណ្តោយព្រំដែនកម្ពុជា-សៀម។ គម្រោងនេះត្រូវអនុវត្តដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់៤០.៤០០ហិកតា ស្ថិតក្នុងភូមិចំនួន១៤៥។ ទន្ទឹមនឹងជំនួយនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រលេីការងារសម្ភារបច្ចេកទេស និងពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ៕


Khcct banner

អត្ថបទទាក់ទង