ក្នុងរយៈពេលពេល១ខែនៃខែមករា ឆ្នាំ២០២៦ រហូតដល់ដើមខែ កុម្ភៈនេះ អាជ្ញាធរកម្ពុជា បានបើកប្រតិបត្តការចុះបង្ក្រាបទីតាំង Online Scam សរុបចំនួន ១៩០ កន្លែង និង បានឃាត់ខ្លួនជនសង្ស័យចំនួន ២ ៥០៨ នាក់ មាន ៧ សញ្ជាតិ។ ប្រតិបត្តិការទ្រុងទ្រាយធំនេះ បានជំរុញឱ្យជនបរទេសចំនួន ១១០.០៩៥ នាក់បានចាកចេញពីកម្ពុជា មាន ៦ សញ្ជាតិ ក្នុងនោះជនជាតិចិនច្រើនជាងគេ។
យោងតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានគូសបញ្ជាក់ថា ក្នុងចំណោមទីតាំង Online Scam ចំនួន ១៩០ កន្លែង ក្នុងនោះមានកាស៊ីណូ ៤៤ នៅក្នុងខេត្តព្រះស៊ីហនុ, កំពត, កណ្តាល, ស្វាយរៀង, រាជធានីភ្នំពេញ, ពោធិ៍សាត់, ព្រៃវែង និង មណ្ឌលគិរី ដោយសមត្ថកិច្ចបានគ្រប់គ្រង រឹបអូសវត្ថុតាងជាច្រើនប្រភេទ/គ្រឿង មានកំព្យូទ័រ ទូរស័ព្ទ ស៊ីមកាត និង បំពេញសំណុំរឿង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២ ៥០៨ នាក់ មាន ៧ សញ្ជាតិ មានជនជាតិនេប៉ាល់ ចិន ម៉ាឡេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស។
បើតាមរបាយការណ៍ ក្នុងចំណោមករណីធំៗនេះ គឺមានរាប់បញ្ចូលចំណាត់ការលើសំណុំរឿងសំខាន់ៗដោយបានចាប់ខ្លួន និងអនុវត្តនីតិវិធីតុលាការចំពោះមេខ្លោង និងអ្នកសមគំនិតមួយចំនួនទៀត, ការបង្ក្រាបដល់ទីតាំងដែលឧក្រិដ្ឋជនបានប្រើប្រាស់សម្រាប់ធ្វើសកម្មភាពឆបោកអនឡាញ ដោយរាប់ទាំងករណីក្លែងជាសមត្ថកិច្ចផ្សេងៗដើម្បីឆបោកទៅក្រៅប្រទេស, ព្រមទាំងកិច្ចសហការជាមួយសមត្ថកិច្ច ចិន អាម៉េរិក កូរ៉េ ជាដើម។
ប្រតិបត្តិការទាំងនេះ បានជំរុញឱ្យជនបរទេសចំនួន ១១០.០៩៥ នាក់ មាន ៦ សញ្ជាតិ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស និងប៉ាគីស្ថាន បានចាកចេញពីប្រទេសកម្ពុជាក្នុងចន្លោះខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៦។ តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជា បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និង បក្ខពួកចំនួន១៧២នាក់ ខណៈអាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសចំនួន ៩ ៣១៤ នាក់ ចេញពីកម្ពុជា៕