ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ឱកាសផ្លាស់ប្តូរការសិក្សារយៈពេល ៤ខែ សម្រាប់សិស្សថ្នាក់ទី ៩ ១០ និង១១ ទៅសិក្សានៅប្រទេសជប៉ុន។ ការផ្លាស់ប្តូរកាសិក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ពិសោធន៍សិក្សាថ្នាក់វិទ្យាល័យ និងរស់នៅជាលក្ខណៈអន្តេវាសិកដ្ឋាននៅប្រទេសជប៉ុន។
យោងតាមគេហទំព័រផ្លូវការរបស់អាហារូបករណ៍(Asia Kakehashi ) លក្ខន្តិកៈតម្រូវឱ្យបេក្ខជនជាសិស្សដែលកំពុងតែសិក្សានៅក្នុងថ្នាក់ទី ៩ ១០ និង១១ និងមានថ្ងៃខែឆ្នាំកំណើតចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០០៨ និងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១១។ក្នុងនោះបេក្ខជន ត្រូវតែជាសិស្សពូកែដែលបានទទួលពិន្ទុយ៉ាងហោចណាស់៦០% នៃពិន្ទុសរុមតាមមុខវិជ្ជានីមួយៗ និងទទួលបានពិន្ទុជាមធ្យម ៧០% សម្រាប់រយៈពេលសិក្សាពីរឆ្នាំចុងក្រោយ។ មួយវិញទៀតជាសិស្សដែលកំពុងរៀនភាសាជប៉ុន មានសុខភាពល្អនិងអាចធ្វើដំណើរខ្លួនឯង ដោយមិនចាំបាច់មានអ្នកអមដំណើរ។ បេក្ខជនមិនមែនជាសិស្សដែលធ្លាប់ទទួលបានអាហារូបករណ៍ ASIA KAKEHASHI ពីមុនមកទេ។
បើតាមប្រភពដដែល ការដាក់ពាក្យស្នើសុំទាមទារឱ្យបេក្ខជនមានឯកសារមួយចំនួនដែលត្រូវតែមកប្រែជាភាសាអង់គ្លេស។ ឯកសារនោះរួមមាន រូបថតអ្នកដាក់ពាក្យ (បិទភ្ជាប់នឹងទម្រង់បែបបទ) ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនព្រឹត្តិបត្រពិន្ទុសិក្សាចុងក្រោយបំផុត (ឆ្នាំ២០២៤, ២០២៥, ឬ ២០២៦) ច្បាប់ចម្លងកំណត់ត្រាចាក់វ៉ាក់សាំងកុមារភាព (ពីកំណើតដល់បច្ចុប្បន្ន) រូបថតគ្រួសារមួយសន្លឹក និងរូបថតផ្ទះ/ទីកន្លែងរបស់អ្នកមួយសន្លឹក លិខិតសម្រាប់ភស្តុតាងនៃរបាយការណ៍ប្រាក់ខែឪពុកម្តាយ និងលិខិតឬឯកសារណាមួយដែលបង្ហាញពីសមត្ថភាព/ជំនាញពិសេស។
សូមជម្រាបថា អាហារូបករណ៍នេះនឹងឧបត្ថម្ភរាល់ការចំណាយទាំងអស់ដែលរួមមានការធ្វើដំណើរ និងការចំណាយផ្សេងៗទាំងអស់សម្រាប់ការសិក្សានៅប្រទេសជប៉ុន។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាម តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយអាហារូបករណ៍នេះនឹងផ្តល់ឱ្យសិស្សដែលមកពីគ្រួសារមានជីវភាពខ្វះខាត៕