ថៃ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ នៅថ្ងៃ០៥ កុម្ភៈនេះ កំពុងស្នើរសុំសេចក្តីសម្រេចពីតុលាការកំពូល ដើម្បីដកសិទ្ធិបេក្ខជនតំណាងរាស្ត្រថៃចំនួន ២៨ នាក់ បន្ទាប់ពីរកឃើញថាពួកគេមិនមានលក្ខណៈសម្បត្តិស្របច្បាប់ ដោយសារ «អវត្តមានក្នុងការបោះឆ្នោតលើកមុនៗ» ដោយគ្មានមូលហេតុត្រឹមត្រូវ។ យោងតាមច្បាប់បោះឆ្នោតថៃ មាត្រា ៣៥ ចំណុច ២ បុគ្គលដែលមិនបានទៅប្រើសិទ្ធិបោះឆ្នោត ហើយមិនបានជូនដំណឹងដល់អាជ្ញាធរ នឹងត្រូវជាប់បម្រាមមិនឱ្យឈរឈ្មោះជាបេក្ខជនសភាឡើយ។នេះបើតាមការចេញផ្សាយរបស់កាសែតBangkok Post។
តាមប្រភពដដែល ប្រសិនបើតុលាការថៃមិនទាន់ចេញសេចក្តីសម្រេចដកសិទ្ធិពួកគេ មុនការបោះឆ្នោតជាតិថៃមកដល់ ហើយបេក្ខជនទាំងនេះនៅតែមានឈ្មោះក្នុងសន្លឹកឆ្នោត ទោះពួកគេជាប់ឆ្នោតក៏ដោយ ក៏គណៈកម្មាធិការបោះឆ្នោតនឹងមិនទទួលស្គាល់លទ្ធផលឡើយ ហើយនឹងតម្រូវឱ្យមានការបោះឆ្នោតឡើងវិញ។
បន្ថែមពីនេះ ពួកគេអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌពីបទដឹងខ្លួនថាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តែនៅតែឈរឈ្មោះដែលអាចជាប់ពន្ធនាគារពី ១ ដល់ ១០ ឆ្នាំ និងរងផាកពិន័យជាប្រាក់រហូតដល់ ២០០,០០០ បាត (ប្រហែល ៥,៥០០ ដុល្លារ) និងត្រូវហាមឃាត់សិទ្ធិបោះឆ្នោតរយៈពេល ២០ ឆ្នាំ៕