ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦ ដល់បុគ្គលិកមន្រ្តីរាជការនៅកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីរាជការមកពីប្រទេសកំពុងអភិវឌ្ឍន៍ដែលជាសមាជិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី។អាហារូបករណ៍នេះ ផ្តល់ឱ្យសិក្សានូវជំនាញដូចជា គោលនយោបាយសាធារណៈ អភិបាលកិច្ច និងសិក្សាអន្តរជាតិ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ អាហារូបករណ៍នឹងផ្តល់ឱ្យមន្រ្តីរាជការដែលកំពុងបម្រើការងារនៅក្នងក្រសួង និងមានបទពិសោធន៍ការងារពេញម៉ោងយ៉ាងតិច ៣ឆ្នាំ ព្រមទាំងមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។ បន្ថែមពីនេះ បេក្ខជនមិនត្រូវមានអាយុលើសពី ៣៥ឆ្នាំ និងមានចំណេះដឹងភាសាអង់គ្លេសស្ទាត់ជំនាញទាំងនិយាយ និងសរសេរ។ បេក្ខជនត្រូវតែមានសុខភាពល្អ និងប្តេជ្ញាចិត្តមកធ្វើការនៅក្នុងប្រទេសកំណើតវិញ យ៉ាងតិច២ឆ្នាំក្រោយបញ្ចប់ការសិក្សា។
គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះនឹងគ្រប់ដណ្តប់ទៅលើថ្លៃសិក្សា១០០ភាគរយ រយៈពេល២ឆ្នាំ ប្រាក់ឧបត្ថម្ភប្រចាំខែលើការស្នាក់នៅ ការហូបចុក សម្ភារៈសិក្សា ធានារ៉ាប់រងសុខភាព និងថ្លៃធ្វើដំណើរ។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍សូមដាក់ពាក្យដោយផ្ទាល់ទៅកាន់សាកលវិទ្យាល័យដែលខ្លួនពេញចិត្ត ដែលពាក្យនឹងបើកចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២៦៕