ជប៉ុន៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៦ នឹងនាំមកជូននូវទស្សនីយភាពដ៏អស្ចារ្យមិនធ្លាប់មាន គឺការសម្តែងផ្ទាល់របស់ក្រុមសិល្បៈកំប្លែង និងកាយវិការអន្តរជាតិដ៏ល្បីល្បាញពីប្រទេសជប៉ុន GABEZ ដែលការសម្តែងសិល្បៈពីក្រុមដ៏ល្បីនេះនឹងចាប់សម្តែងចាប់ពីថ្ងៃសៅរ៍ ទី ៧ ខែ កុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០ រសៀល ដល់ ៣:៣០ រសៀលនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ការចូលរួមទស្សនាដោយឥតគិតថ្លៃ។
ក្រុមសិល្បៈសម្តែង GABEZ មិនមែនគ្រាន់តែជាក្រុមត្លុកធម្មតានោះទេ ពួកគេបានបង្កើតទម្រង់សិល្បៈថ្មីមួយដោយរួមបញ្ចូលគ្នារវាង “ការសម្តែងកាយវិការស្ងប់ស្ងាត់ (Silent Comedy)” និង “ក្បាច់រាំ Hip-Hop” ដ៏រស់រវើក ដែលនេះគឺជាភាពច្នៃប្រឌិតដែលធ្វើឱ្យពួកគេមានភាពលេចធ្លោ និងអាចឆក់យកបេះដូងទស្សនិកជនគ្រប់វ័យ គ្រប់ជាតិសាសន៍ ដោយមិនចាំបាច់ប្រើប្រាស់សម្តីឡើយ។
សមាសភាពដ៏ខ្លាំងពូកែនៅពីក្រោយក្រុមនេះគឺលោក MASA និងលោក Hitoshi ដែលបានសហការគ្នាអស់រយៈពេល ១៦ ឆ្នាំមកហើយ បទពិសោធន៍ដ៏ក្រាស់ក្រែលនេះបានធ្វើឱ្យការសម្តែងរបស់ពួកគេមានភាពស៊ីចង្វាក់គ្នាឥតខ្ចោះ និងពោរពេញទៅដោយភាពភ្ញាក់ផ្អើលដែលនឹងធ្វើឱ្យទស្សនិកជនផ្ទុះសំណើចតាំងពីដើមរហូតដល់ចប់។
គួររម្លឹកថាការអញ្ជើញក្រុម GABEZ មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំនេះ គឺស្របទៅតាមប្រធានបទនៃមហោស្រព៖ “Exploring a New Gateway - The Beginning of a New Journey Connecting Japan and Cambodia” (ការស្វែងរកច្រកទ្វារថ្មី - ការចាប់ផ្តើមនៃដំណើរថ្មីក្នុងការផ្សារភ្ជាប់ជប៉ុន និងកម្ពុជា)។ តាមរយៈសំណើច និងសិល្បៈ ដែលភាសាលែងជាគ្មានព្រំដែននោះ វត្តមានរបស់ GABEZ នឹងក្លាយជាស្ពានចម្លងវប្បធម៌ និងពង្រឹងស្មារតី "គីហ្សូណា" (Kizuna) ដែលមានន័យថា "ចំណងសាមគ្គី" ឱ្យកាន់តែរឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរ៕