ភ្នំពេញ៖ ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា(Cambodia Tourism Board) ប្រកាសជ្រើសនិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងឆ្នាំសិក្សាទី៣ និងទី៤ឱ្យធ្វើជាអ្នកស្ម័គ្រចិត្តក្នុងការស្រាវជ្រាវមាតិកាទេសចរណ៍ជំនាន់ទី១ រយៈពេល ៦ខែ។ ការស្ម័គ្រចិត្តនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា តាមរយៈការស្ម័គ្រចិត្តនេះបេក្ខជននឹងទទួលបានបទពិសោធន៍ជាក់ស្តែងទាក់ទង់នឹងស្រាវជ្រាវ ការផលិតមាតិកា និងចំណេះដឹងផ្សេងៗទាក់ទងនឹងវិស័យទេសចរណ៍។ បន្ថែមពីនេះ បេក្ខជននឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ១០០ដុល្លារជារៀងរាល់ អំឡុងពេល ៦ខែនៃការស្ម័គ្រចិត្ត។ រីឯលក្ខណ្ឌការងារវិញមានភាពបត់បែន ដោយបេក្ខជនតម្រូវឱ្យធ្វើការ ៨ម៉ោងក្នុង១សប្តាហ៍ និងទទួលបានវិញ្ញាបនបត្របន្ទាប់ពីបញ្ចប់ការស្ម័គ្រចិត្ត ។
បើតាមប្រភពដដែល ដើម្បីក្លាយជាអ្នកស្ម័គ្រចិត្ត បេក្ខជនត្រូវតែជានិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សាទី៣ និងទី៤។ បេក្ខជនត្រូវ ទទួលខុសត្រូវទៅលើការស្រាវជ្រាវអំពីការផលិតមាតិកាពី ២ ទៅ៤មាតិការក្នុងមួយសប្តាហ៍ និងមានសមត្ថភាពទៅលើការស្រាវជ្រាវជាភាសាអង់គ្លេស ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ស្របគ្នានេះ បេក្ខជនត្រូវតែអាចធ្វើដំណើរទូទាំងខេត្តក្រុង និងចូលរួមប្រជុំជារៀងរាល់សប្តាហ៍។
សូមជម្រាបថា បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងសារខ្លីអំពីការណែនាំទៅកាន់Email ឈ្មោះ [email protected] ជាមួយនិងប្រធានបទ CTB Content Network (Generation 01) ឱ្យបានត្រឹមថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦៕