681 ezgif.com resize
Swift cc time

ចោរប្លន់ហាងមាសនៅ«ថៃ»ប្រមូលមាសបាន៣៣តម្លឹង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ហាងមាសថៃដ៏ល្បីមួយកន្លែងស្ថិតក្នុងក្រុងហាត់យ៉ៃ ខេត្តសុងក្លា ប្រទេសថៃ កាលពីល្ងាចថ្ងៃទី៣ កុម្ភៈត្រូវបានជនសង្ស័យម្នាក់ស្លៀកឈុតខ្មៅ និងពាក់មួកសុវត្ថិភាពបិទមុខជិត បានចូលទៅក្នុងហាងមាសក្នុងផ្សារទំនើប រួចប្រើញញួរវាយបំបែកទូកញ្ចក់ ប្រមូលយកខ្សែក និងខ្សែដៃមាសសរុបចំនួន ៣៣ តម្លឹង ដែលមានតម្លៃប្រមាណ ២,៤ លានបាត (៧៥,៩៥៤ដុល្លារ) រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ តាមការស៊ើបអង្កេតបឋម ម៉ូតូដែលជនល្មើសជិះគេចខ្លួននោះ គឺជាម៉ូតូដែលបានលួចពីកម្មករសំណង់ជនជាតិមីយ៉ាន់ម៉ាម្នាក់នៅស្រុកណាមុំ មុនពេលធ្វើសកម្មភាពប្លន់ហាងមាសបន្ត។

យោងតាមការចេញផ្សាយរបស់កាសែតថៃ Thairath បុគ្គលិកហាងមាសបានរៀបរាប់ទាំងភ័យខ្លាចថា ជនល្មើសបានសម្រុកចូលមកក្នុងហាង រួចលោតរំលងទូហាង និងប្រើញញួរវាយកញ្ចក់យកមាសយ៉ាងលឿនបំផុត ដោយប្រតិបត្តិការនេះធ្វើតែម្នាក់ឯង និងស្លៀកសម្លៀកបំពាក់បិទជិត។

ក្រោយហេតុការណ៍ប្លន់ដ៏សាហាវ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ រួមមានញញួរ មួកសុវត្ថិភាព និងស្បែកជើងស៊ក ដើម្បីយកទៅពិនិត្យស្វែងរក DNA។ ទន្ទឹមនឹងនេះ កម្លាំងជំនាញកំពុងដេញតាមដានតម្រុយតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញថាជនសង្ស័យបានជិះម៉ូតូកាត់តាមផ្លូវកាត់ពីស្រុកណាមុំ ចូលមកក្រុងហាត់យ៉ៃ។ប៉ូលីសបញ្ជាក់ទៀតថាព័ត៌មានដែលថាជនល្មើសមានប្រើកាំភ្លើងនោះ មិនពិតឡើយ គឺចោរប្រើតែញញួរប៉ុណ្ណោះប្លន់មាសបាន៣៣តម្លឹងក្នុងពេលដ៏ខ្លី។ ពេលនេះអាជ្ញាធរថៃកំពុងតែបើកប្រតិបត្តិការយ៉ាងក្តៅគគុកស្វែងរកចោរប្លន់មួយនេះ៕

Khcct banner

អត្ថបទទាក់ទង