ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក តាមរយៈសម្តេច គុយ សុផល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដល់អង្គភាព CMAC ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ។
លោក ហេង រតនា អគ្គនាយក (CMAC) បានលើកឡើងថា ព្រះរាជអំណោយរបស់សម្ដេចព្រះមហាក្សត្រី ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារៈ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម រំដោះផ្ទៃដីសុវត្ថិភាពជូនពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។
អគ្គនាយកស៊ីម៉ាក់ បានបន្តថា ពិសេសបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងទាំងអស់នៃអង្គភាពCMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមចាស់និងរបស់សៀមឈ្លានពានថ្មីៗនេះ៕