681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទប្រធានសភានៃអន្តរសភា(ISC) ដែលគ្រោងធ្វើនៅខែសីហា ឬកញ្ញា ឆ្នាំ២០២៦

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលយកសំណើធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) តាមសំណើរបស់ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលគ្រោងធ្វើនៅកំឡុងខែសីហា ឬ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ នៅកម្ពុជា។

ថ្នាក់ដឹកនាំព្រឹទ្ធសភាប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ សន្និសីទ ប្រធានសភានៃអន្តរសភា ថាជាវេទិកាអន្តរសភាមួយដ៏មានសារៈសំខាន់នៅក្នុងការលើកកម្ពស់វប្បធម៌សន្ទនា ការកសាងទំនុកចិត្តនិងការយោគយល់គ្នាដើម្បីផលប្រយោជន៍រួម នៅក្នុងកាលៈទេសៈដែលសកលលោកកំពុងប្រឈមការគំរាមកំហែងបញ្ហាជាច្រើនទាំងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចជាដើមនោះ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជា នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការកសាងនិងរក្សាសន្តិភាព ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង