681 ezgif.com resize
Swift cc time

អតីតពលករខ្មែរមកពីថៃ ទទួលបានការងារធ្វើតាមរយៈក្រសួងការងារមានជាង ៣០ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អតីតពលករខ្មែរមកពីថៃ ទទួលបានការងារធ្វើតាមរយៈក្រសួងការងារមានជាង ៣០ម៉ឺននាក់។ លទ្ធផលនេះ បន្ទាប់ពីក្រសួងការងារ បានរៀបចំវេទិកាការងារ សរុបចំនួន ៥៨៥លើក នៅតាមបណ្ដារាជធានី ខេត្តទូទាំងប្រទេស ដែលបានជួយឲ្យពលរដ្ឋ និងបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ទទួលបានការងារធ្វើ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារ សរុបចំនួន ៥៨៥លើក នៅតាមបណ្ដារាជធានី ខេត្តទូទាំងប្រទេស ដែលបានជួយឲ្យពលរដ្ឋ និងបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ទទួលបានការងារធ្វើ ប្រមាណជាង ៦២ម៉ឺននាក់។ ក្នុងនោះ អ្នកទទួលបានការងារតាមយន្តការក្រសួងមាន ជាង ៣០ម៉ឺននាក់ ខណៈឱកាសការងារបច្ចុប្បន្ននៅមានជិត ៩ម៉ឺនកន្លែង សម្រាប់អ្នកស្វែងរកការងារ។

លោក ស៊ុន មេសា បានថ្លែងថា វេទិកាការងារ គឺជាយន្តការសំខាន់មួយដែលក្រសួងបានប្រើប្រាស់ ដើម្បីភ្ជាប់តម្រូវការកម្លាំងពលកម្មរបស់វិស័យឯកជន ជាមួយអ្នកស្វែងរកការងារជាពិសេសយុវជន និងអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន ៩៥៧,៦២២នាក់ បានវិលត្រឡប់មកមាតុប្រទេសវិញ ខណៈក្រសួងបានដាក់ចេញវិធានការគាំទ្រជាបន្តបន្ទាប់ ដើម្បីជួយឲ្យពលករទាំងនេះអាចចូលរួមទីផ្សារការងារនៅក្នុងស្រុកបានយ៉ាងមានប្រសិទ្ធភាព។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បច្ចុប្បន្ន មានអ្នកចុះឈ្មោះត្រៀមចូលរៀនវគ្គបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ ប្រមាណ ៣ម៉ឺននាក់ ខណៈឱកាសការងារនៅកម្ពុជាភាគច្រើនស្ថិតនៅក្នុងវិស័យ ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ដែលបន្តត្រូវការកម្លាំងពលកម្មយ៉ាងច្រើន៕

Khcct banner

អត្ថបទទាក់ទង