681 ezgif.com resize
Swift cc time

ការគាំទ្រផ្នែក«ថែទាំផ្លូវចិត្តសង្គម និងជំនួយសាច់ប្រាក់» បាននាំមកនូវភាពធូរស្បើយផ្នែកសុខុមាលភាពដល់គ្រួសារភៀសសឹក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះវិហារ និងឧត្តរមានជ័យ៖ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនកម្ពុជា-ថៃ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានផ្តល់ការគាំទ្រផ្នែកផ្លូវចិត្តសង្គម និងជំនួយជាសាច់ប្រាក់ដល់ជនភៀសសឹក រាប់ពាន់នាក់។

តាមរយៈអន្តរាគមន៍មនុស្សធម៌ ជនភៀសសឹកចំនួនជាង ១៤.៤៧០ នាក់ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានទទួលសេវាគាំទ្រផ្លូវចិត្តសង្គមចាំបាច់។ ការឆ្លើយតបបានផ្តល់អាទិភាពដល់ជនងាយរងគ្រោះបំផុត រួមមានស្ត្រីចំនួនជាង ២.២០០ នាក់ និងកុមារចំនួនជាង ១១.៤០០ នាក់ ដែលពួកគាត់ភាគច្រើនរងការប៉ះពាល់ផ្លូវចិត្ត ដែលបណ្តាលមកពីអំពើហិង្សា ការផ្លាស់ទី និងភាពមិនច្បាស់លាស់យូររយៈពេលវែង។

លើសពីនេះ ជនភៀសសឹកចំនួនជាង ១.៣០០ នាក់ បានទទួលជំនួយសាច់ប្រាក់ ដែលអាចឱ្យគ្រួសាររបស់ពួកគេបំពេញតម្រូវការចាំបាច់ ដូចជាអាហារ ថ្នាំពេទ្យ និងសម្ភារៈជម្រកជាមូលដ្ឋាន ស្របតាមអាទិភាពរបស់ពួកគេ។ ការគាំទ្រដែលអាចបត់បែនបាននេះ បានជួយស្តារសេចក្តីថ្លៃថ្នូរ និងអំណាចក្នុងការសម្រេចចិត្តអំឡុងពេលដ៏លំបាកបំផុត។

លោក Reto Grueninger ប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងទីភ្នាក់ងារកុងស៊ុលប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាល និងប្រជាជនស្វីស ឈរក្នុងសាមគ្គីភាពជាមួយស្ត្រី បុរស និងកុមារងាយរងគ្រោះរាប់ពាន់នាក់ ដែលត្រូវបានភៀសខ្លួនពីផ្ទះរបស់ពួកគេ។ យើងមានសេចក្តីសោមនស្សចូលរួមកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្លើយតបទៅនឹងវិបត្តិដែលអូសបន្លាយនេះ។ តាមរយៈភាពជាដៃគូរបស់យើងជាមួយអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំនៅកម្ពុជា យើងអាចផ្តល់ជំនួយទាន់ពេលវេលា ដែលផ្តោតលើប្រជាជន ដែលដោះស្រាយតម្រូវការបន្ទាន់ និងគាំទ្រសុខុមាលភាពផ្លូវចិត្តសង្គម។ វិធីសាស្រ្តនេះធានាថាស្ត្រី និងកុមារទទួលបានការការពារ ការថែទាំ និងជំនួយដែលពួកគេត្រូវការ ដើម្បីឆ្លងកាត់ស្ថានភាពលំបាកនេះ»។

លោកជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោក ប្រចាំនៅកម្ពុជា បានបន្ថែមថា៖ «អង្គការទស្សនៈពិភពលោក សូមស្វាគមន៍ចំពោះការគាំទ្រទាន់ពេលវេលា និងទឹកចិត្តសប្បុរសពីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។ ការថែទាំផ្លូវចិត្តសង្គម និងជំនួយជាសាច់ប្រាក់ គឺជាអន្តរាគមន៍សង្គ្រោះជីវិត ហើយមានសារៈសំខាន់ណាស់ក្នុងការជួយគ្រួសារ ឱ្យចាប់ផ្តើមកសាងជីវិតរបស់ពួកគេឡើងវិញ បន្ទាប់ពីផលប៉ះពាល់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៃជម្លោះព្រំដែន»។

ការឆ្លើយតប ត្រូវបានអនុវត្តនៅទូទាំងជំរុំសុវត្ថិភាពជាច្រើនក្នុងខេត្តព្រះវិហារ សៀមរាប និងឧត្តរមានជ័យ ដោយផ្តោតយ៉ាងខ្លាំង លើការការពារក្រុមងាយរងគ្រោះ រួមមានកុមារ ស្ត្រី ជនមានពិការភាព និងមនុស្សចាស់។ សេវាផ្លូវចិត្តសង្គមត្រូវបានផ្តល់ជូនដោយសហការជាមួយដៃគូឯកទេស រួមទាំងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) និងអាជ្ញាធរមូលដ្ឋាន ដោយធានាបាននូវការថែទាំដែលសមស្របតាមបរិបទ និងយកចិត្តទុកដាក់ លើការប៉ះពាល់ផ្លូវចិត្ត។

ការកំណត់អត្តសញ្ញាណ និងការជ្រើសរើសគ្រួសារសម្រាប់ផ្ដល់ជំនួយជាសាច់ប្រាក់ ត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងយុត្តិធម៌។

លោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា៖ «អាទិភាពរបស់យើងគឺធានាថាជំនួយបានទៅដល់អ្នកដែលត្រូវការបំផុត ពោលគឺគ្រួសារដែលមានកូន ចាស់ជរា និងជនមានពិការភាព។ តាមរយៈការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន និងការសម្របសម្រួលយ៉ាងរឹងមាំជាមួយដៃគូ យើងអាចជួយគាំទ្រគ្រួសារភៀសសឹក បានទាន់ពេលវេលា ហើយគោរពសេចក្តីថ្លៃថ្នូររបស់ពួកគេ»។

នៅពេលដែលចំនួនជនភៀសសឹកបន្តប្រែប្រួល ដែលបានបន្ថែមសម្ពាធកាន់តែខ្លាំងលើសេវា និងអាជ្ញាធរមូលដ្ឋាន អង្គការទស្សនៈពិភពលោក និងដៃគូ នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយទាន់ពេលវេលា ដែលផ្តោតលើប្រជាជន ដែលលើកកម្ពស់ភាពធន់ ការស្តារឡើងវិញ និងក្តីសង្ឃឹមសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយសារវិបត្តិនេះ៕


Khcct banner

អត្ថបទទាក់ទង