681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា។ ភាគីទាំងពីបានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យនយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម, បច្ចេកវិទ្យា, ធនធានរ៉ែ, កម្មន្តសាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វប្បធម៌, ទេសចរណ៍, សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។

ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នារសៀលថ្ងៃទី០៣កុម្ភៈ នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងឱកាសនៃជំនួប លោកប្រធានព្រឹទ្ធសភា បានលើកឡើងពីភាពស្រដៀងគ្នាដែលប្រទេសទាំងពីរមាន គឺសក្ដានុពលលើវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបង្ហាញនូវជំនឿជឿជាក់ថាដំណើរទស្សនកិច្ចនេះ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វត្តមានរបស់លោកប្រធានព្រឹទ្ធសភា នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ។ សម្ដេចមានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថ្មីបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងបង្កើនសន្ទុះនៃទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

សម្តេចនាយករដ្ឋមន្រ្តី និងលោកប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យនយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម, បច្ចេកវិទ្យា, ធនធានរ៉ែ, កម្មន្តសាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វប្បធម៌, ទេសចរណ៍, សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។ សម្តេច និងលោកប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នា សំដៅស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើន៕

Khcct banner

អត្ថបទទាក់ទង