ប៉េកាំង៖ តុលាការមួយនៅក្នុងប្រទេសចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា ខ្លួនបានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ម្នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថាលោក Tang Yijun មានទោសពីបទទទួលយកសំណូកសរុបជិត ២០ លានដុល្លារអាម៉េរិកក្នុងរយៈពេលជាងមួយទសវត្សរ៍ចាប់តាំងពីចូលបម្រើការងារ។
យោងតាមតុលាការប្រជាជនកម្រិតមធ្យម Xiamen នៅភាគខាងកើតប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Tang Yijun បានរំលោភបំពានអត្ថប្រយោជន៍ដែលទាក់ទងនឹងមុខតំណែងដែលលោកបានកាន់ជាបន្តបន្ទាប់ ដើម្បី ទទួលបានអត្ថប្រយោជន៍សម្រាប់អង្គភាព និងបុគ្គល រវាងឆ្នាំ ២០០៦ និង ២០២២។ ជាថ្នូរនឹងការទទួលបានលុយកាក់ អតីតមន្ត្រីរូបនេះបានជួយបុគ្គល និងក្រុមហ៊ុនជាមួយនឹងការផ្តល់ជូនសាធារណៈដំបូង ការធានាប្រាក់កម្ចីធនាគារ ការទិញដីធ្លី និងបញ្ហាផ្សេងៗទៀត ដោយលោក Tang បានទទួលប្រាក់សរុបចំនួន ១៣៧ លានយ័ន (១៩,៧ លានដុល្លារអាម៉េរិក)។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា ចំនួនទឹកប្រាក់ទទួលសំណូកខ្ពស់ជាពិសេសបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់រដ្ឋ និងប្រជាជន។ តុលាការបានអះអាងទៀតថាខ្លួនបានគិតគូរពីកាលៈទេសៈបន្ធូរបន្ថយដូចជាការពិតដែលថា លោក Tang បានសារភាពបន្ទាប់ពីការចាប់ខ្លួនក៏ប៉ុន្តែផ្អែកតាមការស៊ើបអង្កេតទោសរបស់លោកមិនអាចត្រូវបានអត់អោនបានឡើយ។
គួររម្លឹកថាលោក Tang Yijun វ័យ ៦៤ ឆ្នាំ គឺជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិនចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ និងបានកាន់តំណែងជាច្រើនទៀតក្នុងអំឡុងពេលការងាររបស់លោក រួមទាំងអភិបាលខេត្ត Liaoning និងជាប្រធានបក្សកុម្មុយនិស្តចិន (CCP) សម្រាប់ទីក្រុង Ningbo ជាដើម។
ក្រៅពីលោកក៏មានអតីតរដ្ឋមន្ត្រីយុត្តិធម៌ចិនម្នាក់ទៀត គឺលោក Fu Zhenghua ត្រូវបានកាត់ទោសពីបទពុករលួយក្នុងឆ្នាំ ២០២២។ លោកបានទទួលការកាត់ទោសប្រហារជីវិតជាមួយនឹងការលើកលែងទោសរយៈពេលពីរឆ្នាំ បន្ទាប់ពីនោះការកាត់ទោសត្រូវបានប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ៕