Img 1426
Swift cc time

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្រកាសជ្រើសរើសក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកជំនាន់ទី ១៤

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្រកាសជ្រើសរើសយុវជនដើម្បីធ្វើជាក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជំនាន់ទី១៤ រយៈពេល ២ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ អភិវឌ្ឍសមត្ថភាព និងផ្តល់ឱកាសឱ្យយុវជនអនុវត្តភាពជាអ្នកដឹកនាំ និងបង្កើតគម្រោងនានាដើម្បីផ្លាស់ប្តូរ និងផ្តល់ភាពវិជ្ជមានដល់សង្គមដែលខ្លួនកំពុងរស់នៅ។

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកទទួលបានអត្ថប្រយោជន៍ដូចជា ចូលរួមពិភាក្សាទៅលើបញ្ហាដែលពាក់ព័ន្ធ និងមានសារៈសំខាន់សម្រាប់យុវជន។ យុវជនជាក្រុមប្រឹក្សាមានឱកាសបង្ហាញទស្សនៈ និងបញ្ចេញមតិទៅលើកម្មវិធីផ្សេងៗរបស់ស្ថានទូតអាម៉េរិក និងគោលនយោបាយរបស់អាម៉េរិកមកលើកម្ពុជា។ លើសពីនេះ យុវជននឹងអាចរៀបចំ និងបង្កើតគម្រោងសម្រាប់ដោះស្រាយបញ្ហា និងលើកកម្ពស់សង្គម។ បន្ថែមពីនេះ យុវជនជាសមាជិក អាចអភិវឌ្ឍសមត្ថភាពតាមរយៈការដឹកនាំទៅលើការផ្តួចផ្តើមគំនិតថ្មី និងសកម្មភាពស្ម័គ្រចិត្តផងដែរ។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាម តំណរភ្ជាប់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

បើតាមប្រភពដដែល សម្រាប់លក្ខន្តិកៈនៃការជ្រើសរើស បេក្ខជនត្រូវមានអាយុចាប់ពី ១៨ដល់២៥ឆ្នាំ និងអាចប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការប្រាស្រ័យទាក់ទងគ្នា រួមទាំងយល់ដឹងពីបញ្ហាសង្គម និងចំណេះដឹងក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង។ មួយវិញទៀតកម្មវិធី ទាមទារឱ្យយុវជនជាសមាជិកមានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក និងប្រជុំជាមួយក្រុមប្រឹក្សាជារៀងរាល់ខែ។ ស្របគ្នានេះដែរ បេក្ខជនត្រូវប្តេជ្ញាចិត្តបំពេញកាតព្វកិច្វរបស់ខ្លួន ក្រោមនាមជាក្រុមប្រឹក្សាយុវជនរយៈពេល ២ឆ្នាំ។

គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនធ្លាប់ជាយុវជន YSEALI សូមចូលទៅកាន់ តំណរភ្ជាប់ ដើម្បីចុះឈ្មោះ។ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២មក៕

Khcct banner

អត្ថបទទាក់ទង