អ៊ីរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក អាលី ខាមេនី បានផ្ញើសារព្រមានជាថ្មីម្តងទៀតកាលពីថ្ងៃអាទិត្យថាការវាយប្រហារណាមួយរបស់សហរដ្ឋអាម៉េរិកលើប្រទេសអ៊ីរ៉ង់និងនាំមកនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លាមិនធ្លាប់មានកន្លងមក ហើយជាពិសេសនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលនិងប្រែក្លាយទៅជាសង្រ្គាមក្នុងតំបន់ទ្រង់ទ្រាយធំជាក់ជាមិនខាន។ នេះបើយោងតាមប្រសាសន៍របស់លោក អាយ៉ាតូឡា អាលី ខាមេនី ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យម្សិលមិញនេះពាក់ព័ន្ធទៅនឹងការបញ្ជូននាវាចម្បាំងរបស់អាម៉េរិកទៅកាន់អ៊ីរ៉ង់។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់លោក អាលី ខាមេនី បានបញ្ជាក់ច្បាស់ៗថាប្រជាជាតិអ៊ីរ៉ង់នឹងមិនភ័យខ្លាចចំពោះរឿងទាំងនេះទេ ប្រជាជនអ៊ីរ៉ង់នឹងមិនភ័យខ្លាចចំពោះការគំរាមកំហែងទាំងនេះទេ។ លោកបន្ថែមទៀតថាអ៊ីរ៉ង់មិនមែនជាអ្នកផ្តួចផ្តើមគំនិតសង្រ្គាមទេ ហើយអ៊ីរ៉ង់មិនចង់វាយប្រហារប្រទេសណាមួយឡើយ ប៉ុន្តែប្រជាជាតិអ៊ីរ៉ង់នឹងវាយប្រហារយ៉ាងខ្លាំងទៅលើអ្នកណាដែលវាយប្រហារ និងយាយីពួកគេ។
បើតាមលោកអាលី ខាមេនី ប្រសិនបើសហរដ្ឋអាម៉េរិកវាយប្រហារអ៊ីរ៉ង់ពិតមែនវានោះនឹងបង្កទៅជាសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល លោកក៏បានប្រកាសចាត់ទុកកងទ័ពសហភាពអឺរ៉ុបថាជា «ក្រុមភេរវករ» ជាការសឹងសឹកទៅវិញក្រោយសហភាពអ៊ីរ៉ុបសម្រេចដាក់កងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ជាក្រុមភេរវករ។
គួររម្លឹកថាផ្អែកតាមការចេញផ្សាយរបស់ Reuters កងទ័ពជើងទឹកអាម៉េរិកបច្ចុប្បន្នមាននាវាពិឃាតចំនួនប្រាំមួយគ្រឿង នាវាផ្ទុកយន្តហោះមួយគ្រឿង និងនាវាប្រយុទ្ធនៅតាមឆ្នេរសមុទ្រចំនួនបីគ្រឿងនៅក្នុងតំបន់ ដែលបង្កើនហានិភ័យនៃសង្គ្រាមបន្ទាប់ពីការបង្ក្រាបបាតុកម្មដ៏សាហាវរបស់អ៊ីរ៉ង់កាលពីខែមករាលើការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងថ្នាក់ដឹកនាំអ៊ីរ៉ង់។ លោក ត្រាំ កំពុងថ្លឹងថ្លែងជម្រើសប្រឆាំងនឹងអ៊ីរ៉ង់ ដែលរួមមានការវាយប្រហារគោលដៅលើកងកម្លាំងសន្តិសុខអ៊ីរ៉ង់ជាដើម៕