ថៃ៖ យោងតាមការចុះផ្សាយរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានឱ្យដឹងនៅថ្ងៃ០១ កុម្ភៈនេះថា តុលាការកំពូលថៃបានសម្រេចលុបឈ្មោះបេក្ខជនតំណាងរាស្ត្រថៃចំនួន ៧ រូប ចេញពីការបោះឆ្នោតក្នុងមណ្ឌលចំនួន ៧ ខេត្ត បន្ទាប់ពីរកឃើញថាពួកគេពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែង។ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានធ្វើការណែនាំដល់ម្ចាស់ឆ្នោត កុំឱ្យបោះឆ្នោតជូនបេក្ខជនទាំង ៧ រូបនេះឱ្យសោះ ព្រោះសន្លឹកឆ្នោតនោះនឹងត្រូវចាត់ទុកជាសន្លឹកឆ្នោតមិនបានការ។
តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បេក្ខជនដែលត្រូវបានដកសិទ្ធិរួមមាន បេក្ខជនតំណាងរាស្រ្តមកពីគណបក្សខ្លាថាំចំនួន ៤ រូប គណបក្សភឿថៃ ១ រូប គណបក្សប្រជាជន ១ រូប និងគណបក្សផាឡាំងផាឆារ៉ាដ ១ រូប។
សូមបញ្ជាក់ថា ការសម្រេចដកសិទ្ធិបេក្ខជនទាំង ៧ រូបនេះ ត្រូវបានធ្វើឡើងមុនពេលថ្ងៃបោះឆ្នោតតែមួយសប្តាហ៍ប៉ុណ្ណោះ ដែលការបោះឆ្នោតជាតិថៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែកុម្ភៈខាងមុខនេះ។