ភ្នំពេញ៖សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូ ជាផ្លូវការជាមួយ MONASH College (MONASH – BELTEI IU Cambodia) ដើម្បីសហការបើកកម្មវិធីសិក្សាឆ្នាំមូលដ្ឋាន (Foundation Year) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្សក្នុងសតវត្សទី២១ ឱ្យទទួលបាន ចំណេះដឹង និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី បណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និង លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ព្រមទាំង លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានប្រសាសន៍ថា នេះជាកិត្តិយស និងមោទនភាពសម្រាប់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានក្លាយជាស្ថាប័នដំបូងគេនៅកម្ពុជា ក្នុងការសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ MONASH University លើផ្នែកពាណិជ្ជកម្ម (Business) បច្ចេកវិទ្យាព័ត៌មាន (IT) និងពេទ្យ (Health) ដែលនឹងផ្តល់ជូននិស្សិតនៅកម្ពុជា និងក្រៅប្រទេសនូវចំណេះដឹង ជំនាញ និង វិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពខ្ពស់។លោកថា MONASH College គឺជាផ្នែកមួយនៃ MONASH University ដែលជាសាកលវិទ្យាល័យលំដាប់កំពូលមួយនៅប្រទេសអូស្ត្រាលី ដែលមានការទទួលស្គាល់លើគុណភាពក្នុងការបណ្តុះបណ្តាលនិស្សិតកម្រិតឧត្តមសិក្សា។
លោកបណ្ឌិត លី ឆេង សង្ឃឹមជឿជាក់ថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះ សាកលវិទ្យាល័យនឹងទទួលបានការគាំទ្រកាន់តែច្រើននិងបង្កើនទំនុកចិត្តកាន់តែខ្ពស់ជូនអាណាព្យាបាល សិស្ស-និស្សិតជាតិ-អន្តរជាតិ លើការបណ្តុះបណ្តាល ជាពិសេសកម្មវិធីសិក្សាថ្មីដែលមានស្តង់ដារអន្តរជាតិ ដោយនិស្សិតអាចសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅ MONASH – BELTEI IU Cambodia (MONASH - សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កម្ពុជា) ហើយអាចទៅបន្តការសិក្សាឆ្នាំទី២ ទី៣ និងទី៤ សម្រាប់ថ្នាក់បរិញ្ញាបត្រ (សិក្សារយៈពេល ៣ឆ្នាំ) នៅ MONASH University ប្រទេសអូស្ត្រាលី។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានមានប្រសាសន៍ថា ការអប់រំគឺជាការវិនិយោគដ៏មានឥទ្ធិពលបំផុត ដែលបានផ្តល់ឱកាសអភិវឌ្ឍជំនាញ ចំណេះដឹង និងសមត្ថភាពជូនដល់យុវជន។ តាមរយៈទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-អូស្ត្រាលី ជារៀងរាល់ឆ្នាំមាននិស្សិតកម្ពុជាជាច្រើនបានទៅបន្តការសិក្សានៅអូស្ត្រាលី។ ឯកឧត្តម បានបង្ហាញក្តីសប្បាយរីករាយ និងមោទនភាពដែលមានអតីតនិស្សិតជាច្រើនរូបដែលបានបញ្ចប់ការសិក្សាពីអូស្ត្រាលី មានឱកាសបានចូលបម្រើការងារនៅក្នុងជួររាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នកម្ពុជា ក៏ដូចជាក្នុងអាជីវកម្មផ្ទាល់ខ្លួន។ ឯកឧត្តម ក៏បានកោតសរសើរនូវចក្ខុវិស័យរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការពង្រីកភាពជាដៃគូអន្តរជាតិ ជាពិសេសជាមួយ Monash University នាពេលនេះ។
ចំណែក លោកស្រីបណ្ឌិត គឹម សេដ្ឋានី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដែលនឹងបង្កើននូវមូលធនមនុស្សក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោកស្រី ក៏បានផ្តាំផ្ញើដល់សិស្ស-និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរីកចម្រើននាពេលអនាគត៕