681 ezgif.com resize
Swift cc time

លោក ទៀ សីហា ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការងារសន្តិសុខ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ក្នុងខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីទូទាំងខេត្តសៀមរាប ត្រូវបង្កើនការយកចិត្តទុកដាក់លើកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមឱ្យកាន់តែរឹងមាំ ជាពិសេសត្រូវបន្តទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងល្បែងអនឡាញ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាព និងជំនាញបច្ចេកទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសបច្ចេកវិទ្យា ដែលកំពុងមានការវិវត្តស្មុគស្មាញ។ ចំពោះការអនុវត្តច្បាប់ចរាចរណ៍ និងការជួញដូរមនុស្ស ក៏ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងទប់ស្កាត់រាល់ទម្រង់នៃការជួញដូរមនុស្ស។ ជាពិសេសជំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ និងពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីបង្កើននូវកម្លាំងប្រមូលផ្ដុំ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។

សូមជម្រាបថា ការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ។ ក្នុងនោះឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងលើការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវាសាធារណៈ និងការរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋពេញមួយឆ្នាំកន្លងទៅ។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបង្ហាញថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្លាំងសមត្ថកិច្ចក្នុងខេត្ត បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទាំងស្រុង ដែលកើតឡើង ១៧៧លើក ឃាត់ខ្លួនជនសង្ស័យចំនួន ២៥៩នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ ២៤លើក និងបទល្មើសមជ្ឃឹម ១៥៣លើក។ បទល្មើសជួញដូរគ្រឿងញៀន កើតឡើង ៣៥៤លើក បង្ក្រាបក្មេងទំនើងបាន ៣៩លើក៕

Khcct banner

អត្ថបទទាក់ទង