ភ្នំពេញ៖លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកគោលគំនិតចំនួន ១០ចំណុច ជូនអង្គសន្និសីទអន្តរជាតិពិចារណាក្នុងន័យលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការប្រយុទ្ធប្រឆាំង-ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកអញ្ជើញជាអធិបតីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) នៅថ្ងៃទី ២៣ កញ្ញា ២០២៦។
ចំណុចសំខាន់ៗទាំង១០ រួមមាន ទី១.លើកកម្ពស់ការចែករំលែក និងផ្លាស់ប្តូរព័ត៌មានទាន់ពេល។ ២.បន្តពង្រឹងការស្រាវជ្រាវបណ្តាញហិរញ្ញវត្ថុ។ ៣.រឹតបន្តឹងការគ្រប់គ្រងការចេញចូលឆ្លងដែន។ ៤.លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន។ ៥.ជំរុញការផ្លាស់ប្តូរជំនាញ បទពិសោធ បច្ចេកទេស និងការបណ្តុះបណ្តាល។ ៦.លើកកម្ពស់ការការពារជនរងគ្រោះ។ ៧.ការធ្វើសកម្មភាពរួមគ្នា និងព្រមៗគ្នាក្នុងពេលតែមួយ។ ៨.ការបង្កើតក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានយុត្តិធម៌រួមជាសកល។ ៩.ការលើកកម្ពស់ការយល់ដឹង និងអប់រំសាធារណជនជាសកល និងទី១០.ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃសម្រាប់បង្ក្រាបបទល្មើស។
បន្ថែមពីនេះលោក ស សុខា បានចាត់ទុកវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងស្ថាប័នអន្តរជាតិនានា ជាសក្ខីភាពស្តែងឱ្យឃើញយ៉ាងច្បាស់ពីសុច្ឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំង និងលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនជាបទល្មើសសកលមួយនេះឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ជូនមនុស្សជាតិក្នុងពិភពលោក។
យោងតាមរបាយការណ៍ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបោសសម្អាតសរុបចំនួន៦៦៥ទីតាំង និងបានអនុវត្តវិធានការបង្ការតាមរយៈការចុះត្រួតពិនិត្យរដ្ឋបាលសរុបចំនួន២៨.៥១២ទីតាំង។ តាមរយៈវិធានការខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ២៦៨សំណុំរឿង មានជនសង្ស័យជិត ២.៧៧៣នាក់ ដែលក្នុងនោះកំពុងជាប់ឃុំ ចំនួន២.២០០នាក់ ព្រមទាំងបានបណ្តេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសនេះចំនួន ២១.១០២នាក់ មាន៣៨សញ្ជាតិ។
លោក ស សុខា បានគូសបញ្ជាក់ថា ការរៀបចំសន្និសីទអន្តរជាតិ ស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាសារប្រាប់ទៅក្រុមឧក្រិដ្ឋជនទាំងអស់ ឱ្យបានដឹងថា កម្ពុជា រួមជាមួយពិភពលោកទាំងមូល មិនអនុញ្ញាតឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើផែនដីនេះតទៅទៀតនោះឡើយ។លោក បានសង្កត់ធ្ងន់ថា គ្មានជម្រកសុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនណាមួយទេ។ ទោះក្នុងទម្រង់ណាក៏ដោយ ក៏ស្មារតី និងកម្លាំងសាមគ្គីភាពអន្តរជាតិ នឹងតាមបង្ក្រាបរហូតឈានទៅបញ្ចប់បទល្មើសនេះឱ្យទាល់តែបាន៕