ហ្វីលីពីន៖ រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកដំបូងក្នុងឆ្នាំ ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីនថា អាស៊ានមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះនៅប្រទេសមីយ៉ាន់ម៉ា ដែលជាការបោះឆ្នោតលើកដំបូងតាំងតែពីក្រុមយោធាបានធ្វើរដ្ឋប្រហារនៅឆ្នាំ២០២១។
ឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានអំពីលទ្ធផល និងការទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ា លោក ស្រី Lazaro បានបញ្ជាក់ថាអាស៊ានមិនទាន់ឈានដល់ការឯកភាពគ្នាទទួលស្គាល់លើលទ្ធផលការបោះឆ្នោតនៅមីយ៉ាន់ម៉ានៅឡើយទេ ដោយការមិនទទួលស្គាល់លទ្ធផលនេះដោយសារតែការបោះឆ្នោតមិនមានតម្លាភាព និងគ្មានបក្សប្រឆាំងត្រឹមត្រូវចូលរួមក្នុងការបោះឆ្នោត។
លោកស្រី Lazaro ក៏បានសង្កត់ធ្ងន់អំពីបញ្ហាប្រឈមជាសកល និងការរក្សាតុល្យភាពការទូតរវាងមហាអំណាចអាម៉េរិក និងចិន។ លោកស្រីបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពឯកតោភាគី និងការប្រើប្រាស់កម្លាំងយោធាដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ រួមទាំងការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro តាមបញ្ជារបស់លោក ដូណាល់ ត្រាំ និងសកម្មភាពយោធាចិននៅច្រកសមុទ្រតៃវ៉ាន់ជាដើម។
លោកស្រីអំពាវនាវឱ្យសមាជិកអាស៊ានទាំងអស់ រក្សាការអត់ធ្មត់ខ្ពស់ និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដើម្បីកសាងអនាគតរួមគ្នា ទោះបីជាប្រទេសជាសមាជិកនីមួយៗមានរបបនយោបាយចម្រុះ ទាំងប្រជាធិបតេយ្យនិងកុម្មុយនីស្តក៏ដោយ។
គួររម្លឹកថាគណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហភាព(USDP) ដែលគាំទ្រដោយយោធាមីយ៉ាន់ម៉ា បានប្រកាសពីភាពជោគជ័យរបស់ខ្លួនភ្លូកទឹកភ្លូកដីកាលពីថ្ងៃច័ន្ទ។ ជ័យជម្នះរបស់គណបក្សនេះត្រូវបានគេមើលដឹងហើយថានឹងដាច់ខាតត្រូវតែឈ្នះព្រោះគ្មានបក្សប្រឆាំងផ្លូវការណាមួយចូលរួមប្រកួតប្រជែងជាមួយឡើយ៕