681 ezgif.com resize
Swift cc time

ក្រសួងការងារកម្ពុជា ចាប់ដៃគ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅម៉ែលប៊ន និង នៅទីក្រុងហ្គីឡុង អូស្រ្តាលី ដើម្បីបណ្តុះជំនាញដល់យុវជន តាមស្តង់ដាអន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលី បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU)ស្តីពី«សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ»នាថ្ងៃទី២៩ ខែមករា។

កិច្ចសហប្រតិបត្តិការនេះ សំដៅលើការសហការគ្នានៅក្នុងការអភិវឌ្ឍ ការអនុវត្តកម្មវិធីសិស្សហាត់ការ និងកម្មវិធីហាត់ការងារ។ ការបញ្ជូន និងការទទួលសិស្ស និងអ្នកហ្វឹកហាត់ សម្រាប់ការផ្លាស់ប្តូរជំនាញសិក្សាសិស្សហាត់ការ និងការហាត់ការងារនៅអូស្ត្រាលី និងការលើកកម្ពស់ និងការសម្របសម្រួលបណ្តាញ និងភាពជាដៃគូ រវាងស្ថាប័នបណ្តុះបណ្តាល។ កិច្ចសហការនេះ នឹងបើកផ្លូវឱ្យមានកម្មវិធីអាហារូបករណ៍ និងផ្លាស់ប្តូរផងដែរ ដែលផ្តល់ឱកាសដល់សិក្ខាកាមកម្ពុជា គ្រូបណ្តុះបណ្តាល TVET និងសិស្សនិស្សិតចូលរួមក្នុងការសិក្សា និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដែលជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការងារ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ដែលជាយន្តការមួយក្នុងការកសាងមូលធនមនុស្សឱ្យមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ប្រកបដោយស្តង់ដា និងមនសិការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលសកល។លោកគូសបញ្ជាក់ថា កិច្ចសហការនេះ ជាការបង្ហាញនូវទំនាក់ទំនងល្អ រវាងកម្ពុជា និងអូស្ត្រាលី ហើយក៏ជាការបើកទំព័រថ្មីប្រកបដោយអត្ថន័យក្នុងប្រវត្តិសាស្ត្រលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង