ថៃ៖យ៉ាងហោចណាស់មានកងទ័ពអាកាសថៃ ចំនួន២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះចម្បាំងធុនស្រាលប្រភេទ AT-6TH Wolverine មួយគ្រឿង ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ នៅស្រុក Chom Thong ខេត្តឈៀងម៉ៃ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១០:៣០ ព្រឹក ក្នុងតំបន់ព្រៃភ្នំនៃភូមិ Ban Huay Fang ។នេះបើយោងតាមការប្រកាសព័ត៌មានរបស់កងទ័ពអាកាសថៃ (RTAF) ។
យោងតាមប្រភពមុនពេលកើតហេតុ គេបានឃើញយន្តហោះហោះដាំក្បាលចុះមកដី រួចក៏មានសំឡេងផ្ទុះយ៉ាងខ្លាំងចំនួន ២ ដង បង្កើតបានជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងបន្សល់ទុកនូវរណ្តៅដែលមានជម្រៅដល់ទៅ ១០ ម៉ែត្រ។កាសែត The Nation របស់ថៃ បានរាយការណ៍ថា ទីតាំងដែលយន្តហោះធ្លាក់មានការលំបាក ក្នុងការចូលទៅដល់ ដោយសារស្ថិតនៅឆ្ងាយពីផ្លូវថ្នល់ប្រហែល ១ គីឡូម៉ែត្រ និង ត្រូវធ្វើដំណើរដោយថ្មើរជើងតាមផ្លូវព្រៃ។
ជាព័ត៌មានបឋម គិតត្រឹមល្ងាចថ្ងៃទី ២៩ មករានេះ ក្រុមអ្នកជួយសង្គ្រាះបានរកឃើញ សាកសពរបស់កហទ័ពអាកាសទាំង ២ រូប នៅមិនទាន់ត្រូវបានយកចេញពីបំណែកយន្តហោះនៅឡើយទេ ខណៈដែលកម្លាំងជំនាញបានឡោមព័ទ្ធតំបន់កើតហេតុដើម្បីការពារសុវត្ថិភាព។ឆ្លើយតបនឹងព្រឹត្តការណ៍ដ៏រន្ធត់នេះ មេបញ្ជាការកងទ័ពអាកាសថៃ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យមានគ្រោះថ្នាក់ដ៏សោកសៅនេះ៕