681 ezgif.com resize
Moneygramott moi1280x163px

កិច្ចប្រជុំ RBC កម្ពុជា-ថៃ រយៈពេល០៣ថ្ងៃបានបិទបញ្ចប់ ដោយមិនមានលទ្ធផលនៃចំណុចកណ្តាលឯកភាពគ្នា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែមករានេះ ដោយមិនមានលទ្ធផល និង រកមិនឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ។ កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និង គណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំ RBC រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ភាគីទាំងពីរមិនទាន់ រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និង ពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និង កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ។

បើតាមលោកស្រី ម៉ាលី សុជាតា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និង ថៃផងដែរ៕

Khcct banner

អត្ថបទទាក់ទង