អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ កាលពីល្ងាចថ្ងៃពុធបានព្រមាន និងគំរាមអ៊ីរ៉ង់ជាថ្មីម្តងទៀតថាអ៊ីរ៉ង់ផ្ទាល់ជិតអស់ពេលក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិកហើយ លោកបានបញ្ជាក់ក្នុងប្រព័ន្ធ Trust Social ថានាវាចម្បាំងអាម៉េរិកដ៏ធំសម្បើមជាច្រើនកំពុងតែឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយនាវាធ្វើដំណើរក្នុងល្បឿនលឿនបំផុត។
បើតាមលោកដូណាល់ត្រាំវាជាកងនាវាធំជាគេ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះដ៏អស្ចារ្យរបស់ Abraham Lincoln និងពិសេសជាងកងនាវាដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសវេណេស៊ុយអេឡាក្នុងប្រតិបត្តិការថ្មីៗនេះទៅទៀត។ លោកបញ្ជាក់ច្បាស់ៗថាដូចទៅនឹងប្រទេសវេណេស៊ុយអេឡាដែរ នាវាចម្បាំងនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញបេសកកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ជាមួយនឹងល្បឿន និងការផ្ទុះសព្វាវុធប្រសិនបើចាំបាច់។
លោកដូណាល់ត្រាំ សង្ឃឹមថាអ៊ីរ៉ង់នឹងមកចូលតុចរចាយ៉ាងឆាប់រហ័ស ហើយនេះក៏នឹងក្លាយជាការចរចាកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមធម៌ នោះគឺអ៊ីរ៉ង់នឹងត្រូវប្រាកដថាខ្លួនគ្មានអាវុធនុយក្លេអ៊ែរឡើយ។ លោកព្រមានទៀតថា ពេលវេលាសម្រាប់អ៊ីរ៉ង់ជិតអស់ហើយដូចដែលខ្ញុំបានប្រាប់អ៊ីរ៉ង់ពីមុនមក ចូរធ្វើកិច្ចព្រមព្រៀងជាមួយអាម៉េរិក តែពួកគេមិនទាន់បានធ្វើទេ ហើយអ៊ីរ៉ង់កុំភ្លេចថា អាម៉េរិកបានចេញប្រតិបត្តិការ Midnight Hammer កាលពីថ្ងៃទី ២២ ខែ មិថុនាឆ្នាំ ២០២៥ រួចម្តងមកហើយដែលកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ជាច្រើនកន្លែង ការវាយប្រហារបន្ទាប់បើមិនចូលតុនឹងសាហាវជាមុនៗទៀត៕