ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែមករា បានធ្វើសេចក្តីប្រកាសស្តីពីការគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រប់គ្រឹះស្ថានអប់រំសាធារណៈ ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ក្រសួងបានប្រកាសផ្អាកការផ្ទេរ និងផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ និងមិនអនុញ្ញាតឱ្យមានការកែតម្រូវទិន្នន័យ ឬព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រី។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ បុគ្គលិកអប់រំត្រូវគោរពតាមគោលការណ៍ណែនាំទាំង ០៧ចំណុចនោះរួមមាន (១)វគោរពអនុវត្តច្បាប់ បទបញ្ជា និងការណែនាំថ្នាក់លើរបស់ខ្លួន។(២)ត្រូវរៀបចំបញ្ជីវត្តមានប្រចាំថ្ងៃរបស់បុគ្គលិកអប់រំ និងធ្វើរបាយការណ៍បូកសរុបប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆ្នាំ និងផ្ញើមកក្រសួង (នាយកដ្ឋានបុគ្គលិក) តាមពេលវេលាកំណត់។(៣)ត្រូវមានវិធានការចំពោះបុគ្គលិកអប់រំអសកម្ម ដោយអញ្ជើញមកណែនាំតាមនីតិវិធីច្បាប់។ (៤)ណែនាំបុគ្គលិកអប់រំឱ្យបំពេញកាតព្វកិច្ចក្នុងពេលបំពេញការងាររួមមាន៖ ភាពហ្មត់ចត់ ការគោរពម៉ោងពេល ការបំពេញតួនាទីភារកិច្ចតាមឋានានុក្រម និងមិនធ្វើឱ្យប៉ះពាល់ ឬខូចខាតដល់គុណភាពការងារ ទោះបីតាមរូបភាពណាក៏ដោយ។
(៥)អនុវត្តទណ្ឌកម្មខាងវិន័យចំពោះបុគ្គលិកអប់រំដែលបំពានកាតព្វកិច្ចដោយខ្ជីខ្ជា មិនបានពេញលេញ ឬមិនបានបំពេញកាតព្វកិច្ចទាំងស្រុង ស្របតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដែលមានដូចជា ក្នុងវិន័យថ្នាក់ទី១ នឹងមានការស្តីបន្ទោស ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន ផ្លាស់ដោយបង្ខំតាមវិធានការវិន័យ និងលុបឈ្មោះចេញពីតារាងឡើងឋានន្តរសក្តិ ឬថ្នាក់។ ចំណែកឯវិន័យថ្នាក់ទី២វិញ និងមានការស្តីបន្ទោសជាទម្ងន់ បណ្តាលឱ្យលុបឈ្មោះចេញពីតារាងឡើងឋានន្តរសក្តិ ឬថ្នាក់បើសិនមានចុះឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងកាឡើងឋានន្តរសក្តិ ឬថ្នាក់ក្នុងរយៈពេលកំណត់តែមិនត្រូវឱ្យលើសពី២ឆ្នាំ។ ដាក់ឱ្យនៅទំនេរគ្មានបៀវត្សមិនឱ្យលើសពីមួយឆ្នាំ បន្ថយឋានន្តរសក្តិ ឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់ ឱ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ ឬអាចឈានដល់បណ្តេញចេញពីមុខតំណែងរាជការ។
(៦)ផ្អាកការផ្ទេរ និងផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ និងមិនអនុញ្ញាតឱ្យមានការកែតម្រូវទិន្នន័យ ឬព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រី។ ចំណុចចុងក្រោយ សហការ និងជម្រុញការបើកផ្តល់ប្រាក់បៀវត្សជូនដល់បុគ្គលិកអប់រំ ឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា ការធ្វើសេចក្តីណែនាំនេះធ្វើឡើងដោយយោងទៅតាម សេចក្តីយោងច្បាប់ និងអនុក្រឹត្យស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនដែលបានចុះនៅឆ្នាំ ២០០៨ ២០១៦ និង២០២៥៕