ថៃ៖ អាជ្ញាធរថៃបានព្រមានកាលពីថ្ងៃច័ន្ទថាខ្លួនបានរកឃើញប្រភេទផ្លែឈើជាច្រើនដែលសត្វប្រចៀវស៊ីមានផ្ទុកមេរោគថ្មីនីប៉ា (Nipah) ដោយក្នុងផ្លែឈើនោះមានផ្ទុកមេរោគខ្លាំងដែលអាចបង្កការគំរាមកំហែងកាន់តែខ្លាំងក្លាលើបុគ្គលដែលបានជាប់ពាក់ព័ន្ធ និងជាពិសេសដល់មនុស្សដែលមកពីបណ្តាលប្រទេសកំពុងតែផ្ទុះជំងឺនេះដូចឥណ្ឌា,បង់ក្លាដែសជាដើម។
ថ្លែងប្រាប់កាសែតថៃ បាងកកប៉ុស្តិ៍ លោកវេជ្ជបណ្ឌិត Sophon Iamsirithaworn អនុលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសុខភាពបានបញ្ជាក់ថា មេរោគនីប៉ា ត្រូវបានរកឃើញនៅក្នុងផ្លែឈើដែលសត្វប្រចៀវបានស៊ីនៅក្នុងប្រទេសថៃ លោកថាទោះជាយ៉ាងនេះក៏ដោយក៏មានដង់ស៊ីតេមេរោគការឆ្លងទាបជាងនៅក្នុងប្រទេសដែលកំពុងតែមានការផ្ទុះឡើងនៃជំងឺនេះ។ លោកជំរុញឲ្យមានការទប់ស្កាត់ការផ្ទុះឡើងនៃមេរោគ នីប៉ា ដោយហាមឃាត់ និងផ្អាកកសិដ្ឋានចិញ្ចឹមជ្រូកពីតំបន់ដែលសំបូរទៅដោយសត្វប្រចៀវ លោកថានេះជាវិធានការរារាំងប្រចៀវមិនឱ្យចម្លងមេរោគតាមរយៈជ្រូកទៅមនុស្ស។
លោកវេជ្ជបណ្ឌិត Sophon បានព្រមានទៀតថាទោះបីជាប្រទេសថៃនៅឆ្ងាយពីប្រទេសកំពុងតែផ្ទុះមេរោគនេះក៏ដោយ ការឃ្លាំមើលគឺចាំបាច់ព្រោះមានជើងហោះហើរត្រង់ពីប្រទេសកំពុងឆ្លង ទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ដនមឿង និងភូកេត។ លោកបន្ថែមទៀតថា ការត្រួតពិនិត្យអ្នកទេសចរមកពីប្រទេសដែលមានមេរោគនៅតែបន្តនៅអាកាសយានដ្ឋានថៃ។
គួររម្លឹកថាមេរោគ នីប៉ា អាចចម្លងពីសត្វដូចជាជ្រូក និងផ្លែឈើដែលប្រចៀវបានស៊ីចម្លងទៅកាន់មនុស្ស វាក៏អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈអាហារដែលមានមេរោគផ្ទុកផងដែរ។ អង្គការសុខភាពពិភពលោកបានចាត់ទុកមេរោគនីប៉ាថាជាជំងឺអាទិភាពកំពូលទាំងដប់របស់ខ្លួន រួមជាមួយនឹងភ្នាក់ងារបង្ករោគដូចជា Covid-19 និង Zika ដោយសារតែសក្តានុពលរបស់វាក្នុងការបង្កឱ្យមានជំងឺរាតត្បាតលឿនខ្លាំង ដោយរយៈពេលចេញអាការៈមានចាប់ពីបួនទៅ ១៤ ថ្ងៃ អ្នកដែលឆ្លងមេរោគបង្ហាញរោគសញ្ញាជាច្រើន ឬជួនកាលគ្មានរោគសញ្ញាអ្វីទាំងអស់។ រោគសញ្ញាដំបូងអាចរួមមានគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ក្អួត និងឈឺបំពង់ក នឹងឈានទៅដល់ការស្លាប់បាន រហូតមកដល់បច្ចុប្បន្ន គ្មានថ្នាំ ឬវ៉ាក់សាំងណាមួយត្រូវបានអនុម័តដើម្បីព្យាបាលជំងឺនេះទេ៕