ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ទាំងអស់ ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេស យានយន្តសម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។
យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា កន្លងមកនេះ ក្រសួងរ៉ែ និងថាមពលបាន ចេញប្រកាស លេខ ០៣៨៩ រថ.បគអថ.ប្រក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រងនិងបញ្ញត្តិលើការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី។ គោលការណ៍ និងនីតិវិធីនេះ មានគោលបំណង លើកកម្ពស់ការអភិវឌ្ឍការបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនីមានគ្រប់គ្រាន់ គ្រប់ទីកន្លែងយ៉ាងឆាប់រហ័ស និងជំរុញកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជា។
ទន្ទឹមនឹងនេះ ការផ្តល់សេវាកម្មបញ្ចូលថាមពលរបស់ស្ថានីយបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី ឱ្យមានសុវត្ថិភាព និរន្តរភាព ប្រសិទ្ធភាព និងមានថ្លៃសមរម្យ និងគ្រប់គ្រងការទទួលយកថាមពលរបស់យានយន្តអគ្គិសនីបញ្ចូលក្នុងអាគុយឱ្យមានសុវត្ថិភាព ស្ថិរភាព និងប្រសិទ្ធភាព។ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំងអស់ ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេស យានយន្តសម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។
គួរបញ្ជាក់ថា អគ្គិសនីកម្ពុជា-EDCបានចូលរួមវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលនៅតាមរាជធានី- ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះនឹងចាប់ផ្តើមដាក់ឱ្យដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ៕