ភ្នំពេញ៖ កម្មវិធីអាហារូបករណ៍ VLIRUOS ប្រកាសផ្តល់អាហារូបរណ៍ ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់អនុបណ្ឌិតកម្រិតខ្ពស់ទៅសិក្សានៅប្រទេស ប៊ែលហ្សិក ទៅកាន់ប្រទេសចំនួន ២៩ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។អាហារូបករណ៍នេះនឹងបិទទទួលពាក្យនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
បើយោងតាមគេហទំព័រផ្លូវការរបស់អាហារូបករណ៍ VLIRUOS តាមរយៈអាហារូបករណ៍នេះបេក្ខជននឹងទទួលបានការសិក្សាដោយឥតគិតថ្លៃ បណ្ណធានារ៉ាប់រង និងប្រាក់ឧប្តម្ភសម្រាប់ការចំណាយនានា។ ក្នុងនោះដែរសម្រាប់ថ្នាក់បរិញ្ញាបត្រ មានជំនាញ០២ និងសិក្សារយៈពេល៣ឆ្នាំ សម្រាប់ជ្រើសរើសថ្នាក់អនុបណ្ឌិតមានជំនាញ ១៣ជំនាញ សិក្សារយៈពេល២ឆ្នាំ និងថ្នាក់អនុបណ្ឌិតកម្រិតខ្ពស់ មាន០៥ជំនាញ និងសិក្សារយៈពេល១ឆ្នាំ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលទៅកាន់ តំណរភ្ជាប់ ដើម្បីទទួលបានព័ត៌មានបន្ថែមនិងដាក់ពាក្យ។ ចំពោះតំណរភ្ជាប់សម្រាប់ដាក់ពាក្យគឺនៅតាមជំនាញនិងកម្រិតថ្នាក់ដែលអ្នកចង់ជ្រើសរើស។
យោងតាមប្រភពដដែល សម្រាប់លក្ខន្តិកៈបេក្ខជនត្រូវតែជាប្រជាជននៅក្នុងប្រទេសគោលដៅទាំង២៩ រួមមានកម្ពុជា។ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្របេក្ខជនត្រូវមានអាយុយ៉ាងតិច១៩ឆ្នាំ ថ្នាក់អនុបណ្ឌិតមានអាយុយ៉ាងច្រើន៣៥ឆ្នាំ និងថ្នាក់បរិញ្ញាបត្រកម្រិតខ្ពស់ត្រូវមានអាយុយ៉ាងច្រើន ៤៥ឆ្នាំ។ លើសពីនេះ បេក្ខជនត្រូវតែចំណេះដឹងខ្ពស់ទៅលើភាសាអង់គ្លេស និងធ្លាប់បានធ្វើតេស្តណាមួយដើម្បីយកមកធ្វើជាឯកសារយោង។ មួយវិញទៀត អំឡុងពេលនៃការដាក់ពាក្យបេក្ខជនមិនត្រូវជាប់ពាក់ព័ន្ធនឹងអាហារូបករណ៍ផ្សេងទៀត និងធ្លាប់បានទទួលអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិកពីមុនមកទេ។
គួរបញ្ចាក់ផងដែរថា ចំពោះថ្នាក់អនុបណ្ឌិតជាន់ខ្ពស់គឺជាថ្នាក់ដែលបន្ថែមពីលើថ្នាក់អនុបណ្ធិតដែលសិក្សាលើជំនាញច្បាស់លាស់ណាមួយ។ អាហារូបករណ៍នេះមិនមែនវិនិច្ឆ័យចំពោះតែការសិក្សាល្អប៉ុណ្ណោះគេ ការវិនិច្ឆ័យក៏ផ្តោតទៅលើឥរិយាបទ និងការតាំងចិត្តរបស់បេក្ខជនផងដែរ ហើយស្រ្តីត្រូវបានលើកទឹកចិត្ត៕