ភ្នំពេញ៖ លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៦ ខែមករា បានទទួលស្វាគមន៍ លោកឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ និងឡើងទស្សនកិច្ចលើនាវាចម្បាំងអាម៉េរិក USS CINCINNATI (LCS 20) ដែលបានចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក ។
ក្នុងជំនួបនោះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ដែលនៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ជាពិសេសជំរុញការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕