681 ezgif.com resize
Swift cc time

ឱកាសអាហារូបករណ៍ ៥០កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អង្គការសម្រេចសុបិនកុមារកម្ពុជា (Child’s Dream Cambodia) ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់សិស្សដែលកំពុងសិក្សាក្នុងថ្នាក់ទី១២ ឬសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០២៣ ២០២៤ ២០២៥ ដែលពុំមានលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៥០កន្លែងដើម្បីឱ្យពួកគេបានរៀនបន្តនៅតាមបណ្តាសាកលវិទ្យាល័យ ឬវិទ្យាស្ថានមួយចំនួននៅរាជធានីភ្នំពេញ។

យោងតាមគេហទំព័រផ្លូវការរបស់អង្គការសម្រចសុបិនកុមារកម្ពុជា យុវជនដែលអាចដាក់អាហារូបករណ៍នេះជាសិស្សដែលមកពីបណ្តាខេត្តក្រុងទាំង២៥នៅក្នុងប្រទេសកម្ពុជា ដែលមានអាយុមិនលើសពី២៥ឆ្នាំ ព្រមទាំងជាយុវជនដែលមានការខិតខំរៀនសូត្រ មានមនសិការ និងឆន្ទៈខ្ពស់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ លើសពីនេះ យុវជនជាសិស្សដែលមកពីគ្រួសារមានជីវភាពលំបាក និងខ្វះលទ្ធភាពបន្តការសិក្សា។អាហារូបករណ៍នេះមានផ្តល់ជូនដូចជាថ្លៃសិក្សានៅសាកលវិទ្យាល័យ ឬ វិទ្យាស្ថានគោលដៅ ថ្លៃសម្ភារៈសិក្សា និងឯកសណ្ឋាន ថ្លៃចំណាយប្រចាំថ្ងៃដូចជាថ្លៃផ្ទះ ទឹកភ្លើង អាហារ និងផ្សេងៗ ថ្លៃធានារ៉ាប់រង និងវគ្គបណ្តុះបណ្តាលផ្សេងៗ។

យោងតាមប្រភពដដែល អាហារូបករណ៍នេះមានផ្តល់ជូនសិស្សសម្រាប់សិក្សាជំនាញជាច្រើនដូចជា នីតិសាស្រ្ត រដ្ឋបាលសាធារណៈ សំណង់ស៊ីវិល អគ្គិសនី វិស្វកម្ម ចិត្តវិទ្យា ទេសចរណ៍ អក្សរសាស្រ្តអង់គ្លេស បច្ចេកវិទ្យា និងជំនាញផ្សេងៗទៀតជាច្រើនដែលមាននៅក្នុងឯកសារដែលបានភ្ជាប់ជូនតាមតំណភ្ជាប់ខាងក្រោម។ សាកលវិទ្យាល័យដែលស្ថិតក្នុងគោលដៅ មានដូចជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យសា្ថនពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យកម្ពុជា វិទ្យាស្ថានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

គួរបញ្ជាក់ផងដែរថា បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍សូមចូលទៅបំពេញពាក្យនៅក្នុង Google Form ហើយទាញយកពាក្យមកបំពេញឱ្យមានត្រឹមត្រូវហើយយកទៅដាក់ដោយផ្ទាល់នៅនៅទីស្នាក់ការ អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ ១៦០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ឱ្យបានថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦។ រាល់ការចំណាយសម្រាប់ការធ្វើដំណើរទៅដាក់ពាក្យ និងការប្រឡងចូលគឺជាទំនួលខុសត្រូវរបសើបេក្ខជន៕

Khcct banner

អត្ថបទទាក់ទង