ភ្នំពេញ៖ កម្មវិធី Technovation Girls Cambodia X Future Digital Talents ប្រកាសបើកទទួលពាក្យសម្រាប់សិស្សានុសិស្សមានអាយុចាប់ពី ០៨ ដល់១៨ឆ្នាំចូលរួមប្រកួតទាក់ទងនឹងវិស័យបចេ្ចកវិទ្យា បញ្ញាសិប្បនិម្មិត និងសហគ្រិនភាពដើម្បីឆ្លើយតបនឹងបរិបទអប់រំបែបឌីជីថល ។ កម្មវិធីនេះនឹងបណ្តុះបណ្តាលសិស្សានុសិស្សរយៈពេល ២សប្តាហ៍ ដែលទាក់ទងនឹងជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ សហគ្រិនភាព និងបញ្ញាសិប្បនិម្មិតជាដើម តាមរយៈប្រព័ន្ធអនឡាញ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ តាមរយៈការចូលរួមប្រកួតក្នុងកម្មវិធីនេះសិស្សានុសិស្សនឹងទទួលបានអត្ថប្រយោជន៍ដូចជា មានឱកាសអភិវឌ្ឍជំនាញដែលទាក់ទងនឹងបច្ចេកវិទ្យាដែលរួមមាន ការសរសេរកូដ និងចំណេះដឹងអំពីបញ្ញាសិប្បនិម្មិត។ រួមជាមួយគ្នានេះ សិស្សអាចបណ្តុះគំនិតឱ្យមានភាពច្នៃប្រឌិត ការរចនា និងសហគ្រិនភាពតាមរយៈវគ្គបណ្តុះបណ្តាលពីសំណាក់គ្រូណែនាំដែលមានទាំងបទពិសោធន៍ និងជំនាញទាំង ១២សប្តាហ៍។ បន្ថែមពីលើនេះ កម្មវិធីជម្រុញឱ្យសិស្សអាចធ្វើការជាក្រុម និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ដោះស្រាយបញ្ហាដែលកើតមានក្នុងសហគមន៍។លើសពីនេះទៀតពីជាប់ជាម្ចាស់ជ័យលាភី សិស្សនឹងទទួលបានរង្វាន់លើកទឹកចិត្ត បណ្ណសរសើរ និងឱកាសទៅប្រកួតថ្នាក់អន្តរជាតិដែលគាំទ្រដោយកម្មវិធី។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួមបានសិស្សានុសិស្សត្រូវតែមានអាយុពី០៨ ដល់១៨ឆ្នាំ និងមានក្រុមដែលមានសមាជិកពី២ ទៅ៥នាក់ហើយក្រុមនីមួយៗត្រូវតែមានសិស្សប្រុសសុទ្ធ និងស្រីសុទ្ធ ព្រមទាំងជាសិស្សដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានរដ្ឋ និងឯកជន។ មួយវិញទៀត សិស្សតែមានការប្តេជាចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រពីការសិក្សាស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យា និងត្រូវចូលរួមក្នុងវគ្គសិក្សាទាំង១២សប្តាហ៍។ ក្នុងការដាក់ពាក្យប្រកួតត្រូវតែមានការគាំទ្រពី គណៈគ្រប់គ្រងសាលានិងអាណាព្យាបាល។បើសិនជាសិស្សមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាម តំណរភ្ជាប់សម្រាប់សិស្សស្រី និងតំណរភ្ជាប់ សម្រាប់សិស្សប្រុស ឱ្យបានមុនថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា នេះជាកម្មវិធីប្រកួតលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ ដែលជាកម្មវិធីក្រៅម៉ោងសិក្សា ហើយនៅថ្ងៃទី២៨ ខែមករាខាងមុខនេះនឹងមានសិក្ខាសាលាតម្រង់ទិសសម្រាប់អ្នកដែលចូលរួម និងគ្រូបង្វឹកផងដែរ។ វគ្គតម្រង់ទិសនេះ ត្រូវបានរៀបចំឡើ់ងក្នុងគោលបំណងណែនាំអំពី ព័ត៌មានទូទៅ និងសារៈសំខាន់នៃកម្មវិធី ដំណើរការនៃកម្មវិធី និងការត្រៀមខ្លួន របៀបនៃការចុះឈ្មោះចូលរួម ការសិក្សា និងការបញ្ជូនគម្រោង។ កម្មវិធី Technovation Girls Cambodia x Future Digital Talents ទទួលបានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំដោយ Tech for Kids Academy សហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ដំណើរទស្សន៍កិច្ចរៀបចំដោយ Education and Future Abroad និងដៃគូផ្សព្វផ្សាយ ស៊ីស៊ីថាមស៍៕