681 ezgif.com resize
Swift cc time

ក្រសួងវប្បធម៌ ត្រៀមរៀបចំការប្រកួត “ការនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង” ពានរង្វាន់ឥន្រ្ទទេវីឆ្នាំ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំការប្រកួតប្រជែងការនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង សម្រាប់ពានរង្វាន់ឥន្ទ្រទេវីឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ ជម្រុញវិស័យអក្សរសាស្ត្រជាតិ និងអក្សរសិល្ប៍ខ្មែរឱ្យកាន់តែល្អប្រសើ។ ការប្រកួត នេះនឹងជ្រើសរើសម្ចាស់ជ័យលាភីចំនួន ០៥រូបសម្រាប់អត្ថបទនីមួយៗ។

យោងតាមគេហទំព័រផ្លូវការបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ការប្រកួតនេះបើកជាទូទៅសម្រាប់សាធារណៈជនដែលមានចំណងចំណូលចិត្តផ្នែកតែងនិពន្ធ។ ចំពោះប្រធានបទវិញគឺជាប្រធានបទសេរី ប៉ុន្តែផ្ទៃរឿងទាំងមូលត្រូវមានធាតុចំនួន៣ រួមបញ្ចូលគ្នា។ ទី១ អត្ថន័យ ត្រូវបង្កបនូវសច្ចធម៌ សីលធម៌ និងគុណធម៌។ ទី២ អត្ថរូប ត្រូវបង្កប់នូវ វិធីតែង រចនាបថ និងសិល្ប៍សោភណ។ ជាចុងក្រោយសម្រាប់អត្ថរស ត្រូវតែបង្ហាញឱ្យឃើញពីតម្លៃអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។

បើតាមប្រភពដដែល អន្ថន័យនៃអត្ថបទមិនត្រូវចម្លងស្នាដៃ ឬកែសម្រួលពីអត្ថបទដែលធ្លាប់បោះពុម្ភ ឬធ្លាប់ជាប់ជ័យលាភីពីមុនមកទេ។ ក្នុងនោះគោលការណ៍អក្ខរាវិរុទ្ធ ត្រូវគោរពតាមវចនានុក្រមព្រះសង្ឃរាជ ជួន ណាត និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។ មួយវិញអត្ថបទទាំងមូលត្រូវនិពន្ធឡើង ពី១៥ ទៅ៣០ទំព័រ(A4) ដែលសរសេរដោយកុំព្យូទ័រ ពុម្ពអក្សរ Khmer OS Siemreap ទំហំ១២។ ជាចុងក្រោយបេក្ខជនអាចយកស្នាដៃរបស់ខ្លួនទៅដាក់ប្រកួតនៅអគ្គនាយកដ្ឋានសៀវភៅនិងការអាន ឬផ្ញើតាមរយៈតេលេក្រាមលេខ៖ ០១១ ៨៥០ ០៩៤ឱ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០ល្ងាច។

គួរបញ្ជាក់ផងដែរថា សម្រាប់ជ័យលាភីលេខ១ដល់លេខ៣ បេក្ខជននឹងទទួលបានរង្វាន់ពាន១អមជាមួយទឹកប្រាក់ ហើយសម្រាប់ជ័យលាភីលេខ៤ និងលេខ៥ នឹងទទួលបានបណ្ណកិត្តិយសមួយអមនិងទឹកប្រាក់៕

Khcct banner

អត្ថបទទាក់ទង