ភ្នំពេញ៖ Energy Lab ជ្រើសរើសយុវជនឱ្យចូលរួមកម្មវិធីស្តីពីថាមពលស្អាតរយៈពេល ៦ខែពោលគឺចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៦។ កម្មវិធីនេះ នឹងមានសកម្មភាពបីរួមបញ្ខូលគ្នាដូចជា វគ្គបណ្តុះបណ្តាល ដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនថាមពលស្អាត និង ការបោះពុម្ពផ្សាយអត្ថបទ ហើយវគ្គសិក្សានីមួយៗជាទូទៅធ្វើឡើងអំឡុងពេលចុងសប្តាហ៍។
បើតាមគេហទំព័រផ្លូវការរបស់ Energy Lab តាមរយៈកម្មវិធីនេះបេក្ខជននឹងមានឱកាសសិក្សាឈ្វេងយល់អំពីបញ្ហាប្រឈម និងដំណោះស្រាយចំពោះថាមពលស្អាតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ មានឱកាសទៅធ្វើទស្សនៈកិច្ចនៅតាមបណ្តាក្រុមហ៊ុនថាមពលស្អាត រួមទាំងអាចបង្កើតទំនាក់ទំនងជាមួយអ្នកដឹកនាំក្នុងវិស័យថាមពលស្អាតទៀតផង។ បន្ថែមពីលើនេះ បេក្ខជននឹងមានឱកាសពង្រឹងជំនាញសិក្សាស្រាវជ្រាវ ជជែកវែកញែកអំពីបញ្ហាជាក់ស្តែង និងអាចសរសេរអត្ថបទលើប្រធានបទដែលខ្លួនពេញចិត្ត សម្រាប់ការបោះពុម្ពផ្សាយសៀវភៅរបស់កម្មវិធី។ ជាពិសេសបេក្ខជន នឹងអាចទទួលបានជំនួយឥតសំណង ដើម្បីចូលរួមសន្និសីទ និងព្រឹត្តិការណ៍ថាមពលស្អាតនៅអាស៊ីអាគ្នេយ៍ និងជំនួយសម្រាប់អនុវត្តគម្រោង (រហូតដល់ ៣០០០ ដុល្លារ) ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងសម្រាប់ដំណោះស្រាយថាមពលស្អាតរបស់សហគមន៍ផងដែរ។ សម្រាប់ការដាក់ពាក្យ និងព័ត៌មានបន្ថែម សូមចូលទៅកាន់ តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួមកម្មវិធីនេះបេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងជាយុវជនឬនិស្សិតដែលកំពុងរស់នៅនិងសិក្សាក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងមានអាយុពី ២២ ដល់៣៥ឆ្នាំ និងមានបទពិសោធន៍ការងារពី ២ទៅ១០ឆ្នាំ ឬមានចំណាប់អារម្មណ៍លើវិស័យថាមពលស្អាត។ មួយវិញទៀតបេក្ខជន ត្រូវតែជានិយោជិតនៅក្នុងស្ថាប័នណាមួយ។ ស្របគ្នានេះបេក្ខជន ត្រូវមានដំណោះស្រាយសម្រាប់បញ្ហាសហគមន៍ និងចំណូលចិត្តលើការសរសេរអត្ថបទទាក់នឹងថាមពលស្អាត។
គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែល Energy Lab ពង្រីកគម្រោងរបស់ខ្លួនទៅកាន់ខេត្តសៀមរាប៕