681 ezgif.com resize
Swift cc time

កម្មវិធីប្រកួតប្រជែង«បច្ចេកវិទ្យា»នវានុវត្តន៍រដូវកាលទី៣ បិទបញ្ចប់ជាផ្លូវការ ខណៈរកឃើញយុវជនជ័យលាភី«ធុរកិច្ចថ្មី»ចំនួន៣ក្រុម

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សកលវិទ្យាល័យខេមតិច និងសហគ្រិនខ្មែរ(KE) នាថ្ងៃទី២៣ មករានេះ បានបញ្ចប់ជាផ្លូវការនូវកម្មវិធី ការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣ ដែលជាសមិទ្ធផលសំខាន់មួយ ទៀតក្នុងការលើកកម្ពស់នវានុវត្តន៍ប្រកបដោយចីរភាព និងសហគ្រិនភាពយុវជននៅកម្ពុជា។ វគ្គផ្តាច់ព្រ័ត្រនេះ នាំមកនូវក្រុមយុវជនចំនួន ១០ក្រុម តំណាងឱ្យសាកលវិទ្យាល័យចំនួន៧ បាន ចូលរួមធ្វើបទបង្ហាញអំពីដំណោះស្រាយ អនុវត្តផ្ទាល់លើផលិតផលគំរូ (prototype) និង ឆ្លើយសំណួរ ពីគណៈកម្មការវិនិច្ឆ័យ។ ជាលទ្ធផល យុវជនចំនួន ៣ក្រុម បានទទួលជ័យលាភី ក្នុងនោះក្រុម«កូន»ទទួលបានលេខ១ ក្រុម«កំណត់»ទទួលបានលេខ២ និងក្រុម «Greenlink» ទទួលបានលេខ៣។

ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ យុវជន វ៉ាន់នី គុយហេង តំណាងមកពីក្រុម«កូន» បានប្រាប់ថាក្រុមរបស់ពួកគេបានបង្កើតកម្មវិធីទូរស័ព្ទដៃជួយដល់ស្រ្តីមានផ្ទៃពោះ ព្រោះមើលឃើញនូវបញ្ហាក្នុងសង្គមដែលស្រ្តីមានផ្ទៃពោះអាចទៅជួបគ្រូពេទ្យ ម្តង ទៅ២ដងប៉ុណ្ណោះក្នុង១ខែ ដែលពិបាកសម្រាប់ស្រ្តីមានសំណួរពីសុខភាពផ្សេងៗ មិនមានពេលគ្រប់គ្រាន់ក្នុងការសួរ។ ដូច្នេះ ក្រុម«កូន»សម្រេចបង្កើតកម្មវិធីទូរស័ព្ទដៃនេះឡើង ដើម្បីឱ្យស្រ្តីអាចកក់គ្រូពេទ្យបាន និងងាយស្រួលចង់សួរគ្រូពេទ្យអំពីបញ្ហាសុខភាពម្តាយ និងកូនបានគ្រប់ពេលវេលា។

ចំណែកក្រុម«កំណត់» យុវជនសំណាង សុខគីនីន បានប្រាប់ថា ការបង្កើតកម្មវិធីស្កេន ដើម្បីការពារពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត គឺអនុញ្ញាតឱ្យពលរដ្ឋអាចបញ្ជូលលីង ឬព័ត៌មានដែលគេផ្ញើមក ដើម្បីប្រាប់ថា លីងផ្ញើរមកនោះ មានប្រភពពីជនឆបោក ឬមិនមែន និងមានព័ត៌មានបន្ថែមប្រាប់ថា គួរធ្វើដូចម្តេចខ្លះ ដើម្បីការពារពីជនឆបោក និងការពារព័ត៌មានផ្ទាល់ខ្លួន។ ក្រុម«កំណត់» សង្ឃឹមថា កម្មវិធីទូរស័ព្ទដៃនេះ នឹងជួយពលរដ្ឋ និងសង្គមមួយចំណែក ក្នុងការការពារមិនឱ្យមានជនរងគ្រោះកាន់តែច្រើន ដោយសារការឆបោកតាមអនឡាញ។

យុវជន សៅ ឌីណា មកពីក្រុម Greenlink ប្រាប់ថាក្រុមរបស់គាត់បង្កើតវេបសាយជួបបរិស្ថាន ដែលអាចឱ្យម្ចាស់អាជីវកម្មហាងលក់អាហារ ឫម្ចាស់ហាងកាហ្វេ អាចស្វែងរកទិញរបស់របបប្រើប្រាស់ដូចជា កែវ ថង់ ក្រដាសជាដើម ដែលជាផលិតផលមិនប៉ះពាល់ដល់បរិស្ថាន យកទៅប្រើប្រាស់ក្នុងកន្លែងអាជីវកម្មរបស់ពួកគេ។ វេបសាយនេះ ជួយឱ្យម្ចាស់អាជីវកម្មងាយស្រួលជ្រើសរើសទំហំ ចំនួន និងតម្លៃ ព្រមទាំងចំណេញពេលវេលា ខណៈបានជួយបរិស្ថានក្នុងរយៈពេលវែងតាមរយៈការប្រើប្រាស់ផលិតផលមិនប៉ះពាល់បរិស្ថាន។

គួរបញ្ជាក់ថា ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០២៣ មក កម្មវិធី ប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ ដែលរៀបចំដោយ សាកលវិទ្យាល័យខេមតិច សហការជាមួយសហគ្រិនខ្មែរបានក្លាយជាវេទិកាសំខាន់មួយសម្រាប់អភិវឌ្ឍ ទេពកោសល្យបច្ចេកវិទ្យា ជំរុញការសហការឆ្លងវិស័យ និងលើកកម្ពស់នវានុវត្តន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ការបិទបញ្ចប់នៃកម្មវិធី ការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី ៣ នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ សាកលវិទ្យាល័យខេមតិច ក្នុងការជំរុញការស្រាវជ្រាវនវានុវត្តន៍ និងការតភ្ជាប់ជាមួយឧស្សាហកម្មខណៈពេលជំរុញ អ្នកដឹកនាំជំនាន់ក្រោយឱ្យប្រែក្លាយគំនិតទៅជាសមិទ្ធផលមានអត្ថន័យសម្រាប់សង្គម៕


Khcct banner

អត្ថបទទាក់ទង