ចាកាតា៖ ភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់នៅថ្ងៃសុក្រនេះថា គេបានរកឃើញសាកសពអ្នកដំណើរ និង សមាជិកនាវិកចំនួន ១០ នាក់ នៅលើកម្ទេចកម្ទីយន្តហោះឃ្លាំមើល ដែលបានធ្លាក់កាលពីចុងសប្តាហ៍មុន នៅក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង ប្រទេសឥណ្ឌូនេស៊ី។មន្ត្រីជំនាញ កំពុងធ្វើការវិភាគលើប្រអប់ខ្មៅនៃយន្តហោះដែលទើបនឹងរកឃើញ ដើម្បីស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ដែលជាករណីធ្លាក់យន្តហោះ ATR 42 ដ៏សាហាវបំផុតលើកដំបូងនៅក្នុងប្រទេសក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ។
តាមការចុះផ្សាយរបស់កាសែតរ៉យទ័រ យន្តហោះប្រភេទ ATR 42-500 របស់ក្រុមហ៊ុន Indonesia Air Transport (IAT) ត្រូវបានជួលដោយក្រសួងកិច្ចការសមុទ្រ និងជលផល ដើម្បីធ្វើការឃ្លាំមើលដែនទឹក បានបាត់ការទាក់ទងជាមួយមន្ត្រីត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកាលពីថ្ងៃសៅរ៍ នៅក្បែរតំបន់ Maros៕