ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរ លោក To Lam ដែលត្រូវបានមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម ជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឍិម គណបក្សកុម្មុយនីស្តវៀតណាម។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំង លោក To Lam សាជាថ្មីជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម គណបក្សកុម្មុយនីស្តវៀតណាម គឺជាការឆ្លុះបញ្ចាំងនូវទំនុកចិត្ត និងការជឿជាក់របស់គណបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាម ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយសមត្ថភាពរបស់ លោក ក្នុងការតម្រង់ទិសដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលធានាឱ្យប្រជាជនទទួលបាននូវសន្តិភាពយូរអង្វែង ស្ថិរភាព និងវិបុលភាពដែលរីកចម្រើនជាលំដាប់ ក៏ដូចជាលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់និងអន្តរជាតិ។
សម្តេច ហ៊ុន សែន មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងសម្លឹងទៅអនាគតរបស់លោក To Lam គណបក្សកុម្មុយនីស្តវៀតណាម នឹងទទួលបានទំនុកចិត្ត និងការគាំទ្រកាន់តែខ្លាំងឡើងពីប្រជាជនវៀតណាម និងសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងការអនុវត្តគោលនយោបាយ និងការសម្រេចចិត្តនានាដែលបានអនុម័តដោយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤។
ជាមួយនឹងកិច្ចខំប្រឹងប្រែងរវាងសម្ដេច និងលោក To Lam ចំណងមិត្តភាព នៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹងឱ្យកាន់ស៊ីជម្រៅបន្ថែមទៀត ស្រប់តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” រវាងគណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ៕