ភ្នំពេញ៖ មជ្ឈមណ្ឌលបុប្ផាណា(Bophana Center) ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិត ១២នាក់ចូលរៀនវគ្គបណ្តុះបណ្តាល ផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍នេះ គឺជាការអនុវត្តគម្រោងដែលមានឈ្មោះថា «លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការ ផ្តល់ភាពអង់អាចដល់យុវជន»។
យោងតាមគេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលបុប្ផាណា តាមរយៈការបណ្តុះបណ្តាលនេះបេក្ខជនមិនត្រឹមតែទទួលបានការសិក្សាដោយឥតគិតថ្លៃ ថែមទាំងមានសិទ្ធិប្រើប្រាស់ឧបករណ៍នានាសម្រាប់អនុវត្តមេរៀនដោយផ្ទាល់ ព្រមទាំងទទួលបានធនារ៉ាប់រងសុខភាពក្នុងអំឡុងពេលសិក្សាទៀតផង។ មួយវិញទៀត សម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្ត នឹងទទួលបានការឧបត្ថម្ភកន្លែងស្នាក់នៅផងដែរ។ ក្រោយបញ្ចប់វគ្គសិក្សា បេក្ខជននឹងទទួលបានលិខិតបញ្ជាក់ការសិក្សា រួមទាំងអាចមានឱកាសបញ្ចាំងឯកសារ និងភាពយន្តរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តក្នុង និងក្រៅប្រទេស។ បើសិន បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណរភ្ជាប់ ឬទៅទទួលពាក្យដោយផ្ទាល់នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ឱ្យបានមុនថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។
បើតាមប្រភពដដែល ដើម្បីស្នើសុំអាហារូបករណ៍បេក្ខជនត្រូវតែជាជនជាតិខ្មែរ ដែលមានអាយុចាប់ពី១៨ ដល់៣០ឆ្នាំ និងមិនមានពិរុទ្ធភាព។ លើសពីនេះបេក្ខជនត្រូវតែមានចំណងចំណូលចិត្តចង់ចងក្រងឯកសារស្តីពីប្រទេសកម្ពុជា ហើយមានពេលវេលាគ្រប់គ្រាន់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់ ដែលធ្វើឡើងចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងសិក្សារយៈពេល ៨ម៉ោងក្នុងមួយថ្ងៃ នៅមជ្ឈមណ្ឌលបុប្ផាណា។ ជាចុងក្រោយវគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ មីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៧។
គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះនឹងបន្តផ្តល់រយៈពេល ៣ឆ្នាំពោលគឺចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ហើយក្នុង ១ឆ្នាំជ្រើសរើសនិស្សិតតែ១២នាក់ប៉ុណ្ណោះដែលស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្ត។ មួយវិញទៀត អាហារូបករណ៍នេះទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារបារាំងសម្រាប់អភិរឌ្ឍន៍ (AFD) មូលនិធិហេនរីលូស៍ (The Henry Luce Foundation) មូលនិធិរៃ (Rei Foundation Limited) និងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផា ណា(ARPAA) ៕