ភ្នំពេញ៖ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) ប្រកាសជ្រើសរើសយុវជនចំនួន ១០ក្រុមដើម្បីអនុវត្តគម្រោង ដែលជាគំនិតផ្តួចផ្តើម និងជាសំណើររបស់យុវជនផ្ទាល់ ដើម្បីឱ្យយុវជនអាចអភិវឌ្ឍជំនាញដឹកនាំគម្រោង និងបង្កើតផលវិជ្ជមានសម្រាប់សហគមន៍របស់ពួកគេ។ គម្រោងនេះនឹងអនុវត្តចន្លោះពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២៦។
បើតាមគេហទំព័រផ្លូវការរបស់អង្គការ YRDP តាមរយៈគម្រោងនេះបេក្ខជននឹងទទួលបានជំនួយឥតសំណង១២០០ដុល្លារ ទៅអនុវត្តគម្រោងដែលជាគំនិតផ្តួចផ្តើមរបស់ខ្លួន។ មួយវិញទៀតបេក្ខជននឹងទទួលបានបទពិសោធន៍ទាក់ទងទៅនឹងការអនុវត្តគម្រោង ការសរសេរសំណើរគម្រោង ការធ្វើការងារជាក្រុម ការបង្កើតបណ្តាញជាមួយយុវជនដែលមានទស្សនៈ និងចំណងចំណូលចិត្តដូចគ្នា ព្រមទាំងអាចដោះស្រាយបញ្ហាដែលខ្លួនបានជួបប្រទះ និងមានក្តីបារម្ភ។
បើតាមប្រភពដដែល ដើម្បីដាក់សំណើរគម្រោង បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ដល់៣០ឆ្នាំ និងមានក្រុមដែលមានសមាជិកពី ៤ទៅ១០នាក់។ ជាមួយគ្នានេះ បេក្ខជនត្រូវមានឯកសារសំណើរគម្រោង ដែលរៀបរាប់អំពីមូលហេតុនៃការបង្កើតគម្រោង ផែនការសកម្មភាព ផែនការហិរញ្ញវត្ថុ សមាជិកក្រុមនិងតួនាទី និងពេលជាក់លាក់នៃការបង្កើតគម្រោង។ ចំពោះឯកសារសំណើរគម្រោងវិញ បេក្ខជនអាចសរសេរបានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ រីឯសំណើរគម្រោងបេក្ខជនអាចផ្ញើរទៅកាន់ [email protected] ឬតាមរយៈលេខទូរសព្ទលេខ 017 824 925 ឬ 069 572 829 ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ដើម្បីធ្វើការវាយតម្លៃ។
គួរបញ្ជាក់ផងដែរថា សម្រាប់សំណើរគម្រោងដែល ច្បាស់លាស់ ងាយស្រួលពិនិត្យឡើងវិញ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាព៕