ភ្នំពេញ៖ ក្រសួងវប្បធម៌កម្ពុជា នៅថ្ងៃទី ២២ មករានេះ បានបន្តប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ។ក្រសួងចាត់ទុកថាសកម្មភាពឈ្លានពាននេះ គឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និង មិនអាចបដិសេធបានច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាញ ពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយសា្ថប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។
ក្រសួងចាត់ទុកថាសកម្មភាពឈ្លានពាននេះគឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។
ក្រសួងវប្បធម៌ ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧៕