ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១.៥តោន គ្មានគុណភាព និងសុវត្ថិភាព ដឹកពីខេត្តស្វាយរៀង បម្រុងចែកចាយនៅរាជធានីភ្នំពេញ។
កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោក ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ពិនិត្យរថយន្តមួយគ្រឿង ដែលដឹកសាច់ជ្រូក និងសាច់មាន់បង្កក នៅចំណុចវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ក្រោយពីតាមដាននិងស្រាវជ្រាវ មន្ត្រីជំនាញបានបង្រ្កាបការនាំចូលសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១.៥តោន គ្មានលិខិតស្នាម និងខូចគុណភាព មកពីខេត្តស្វាយរៀង មកចែកចាយនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយក.ប.ប. រាជធានីភ្នំពេញ ដើម្បីយកទៅបំផ្លាញចោលតាមនីតិវិធី។ ដោយឡែកកម្លាំងជំនាញនូវតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕