681 ezgif.com resize
Swift cc time

អ្នកស្រុកអង្គរប្រារព្ធពិធីបុណ្យ«ឡើងមាឃ»តាមទំនៀមពីបុរាណ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ រាល់ថ្ងៃ៣កើត ខែមាឃ ដែលនៅឆ្នាំនេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរតែងប្រារព្ធពិធីបុណ្យឡើងមាឃ(ឡើងអ្នកតា) ដែលជាទំនៀមពីបុរាណកាល។ ពិធីនេះ ធ្វើឡើងនៅតាមខ្ទមអ្នកតាក្នុងភូមិ តាមប្រាសាទ សាលាឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ។

អ្នកស្រុកនៅភូមិនគរក្រៅ បានរៀបចំពិធីនេះនៅទួលអ្នកតាគង់ និងនៅប្រាសាទអង្គរវត្ត រៀបចំចំពោះតារាជ នៅបរិវេណទល់មុខគុកតារាជ។ ចំពោះប្រាសាទវត្តអធ្វារ អ្នកភូមិតែងប្រារព្ធកិច្ចពិធីនេះនៅទីតាំងបីផ្សេងគ្នា ទី១នៅលើប្រាសាទ ទី២នៅទួលដូនប៉ុក និងទី៣នៅទួលតាមឿង។ ទន្ទឹមនឹងនោះ គ្រឿងសំណែននៅក្នុងកិច្ចពិធីនេះ គឺក្នុងរូបភាពតូចឬធំទៅតាមសហគមន៍នីមួយៗ ក្នុងនោះមុខម្ហូបដែលគេមិនអាចចោលបានមានដូចជា ក្បាលជ្រូក មាន់ នំបញ្ចុក បារី ស្រា ទៀន ធូប បាយសី ស្លាធម៌ ម្ហូបអាហារ បង្អែម ភេសជ្ជៈជាដើម។

គួរបញ្ជាក់ថា កិច្ចពិធីឡើងមាឃ មានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរតែងធ្វើជាទៀងទាត់នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថាវដ្ដរដូវកសិកម្មបានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខសប្បាយ ជៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់៕


Khcct banner

អត្ថបទទាក់ទង