Img 1426
Swift cc time

ឥណ្ឌូណេស៊ីផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសឥណ្ឌូណេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ឥណ្ឌូណេស៊ីប្រកាសផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបរិញ្ញាបត្រទៅសិក្សានៅសាកលវិទ្យាល័យ Universitas Muhammadiyah Purwokerto ប្រទេសឥណ្ឌូណេស៊ី ទៅលើជំនាញចំនួន៦ ដែលក្នុងនោះរួមមានជំនាញផ្នែកគ្រប់គ្រង និងភាសាអង់គ្លេសសម្រាប់ការអប់រំ (English Language Education) សម្រាប់ថ្នាក់អនុបណ្ឌិត និង ជំនាញអក្សរសាស្រ្តអង់គ្លេស ភាសាអង់គ្លេសសម្រាប់ការអប់រំ គ្រប់គ្រង និងគណនេយ្យ សម្រាប់ថ្នាក់បរិញ្ញាបត្រ។

យោងតាមគេហទំព័រផ្លូវការរបស់ Rector Scholarship ដើម្បីដាក់ពាក្យសុំអាហាររូបករណ៍បេក្ខជនត្រូវតែមានអាយុ យ៉ាងច្រើន២៥ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្របេក្ខជនត្រូវតែមានអាយុ យ៉ាងច្រើន២៥ឆ្នាំ និងបានបញ្ចប់ថ្នាក់វិទ្យាល័យ។ រីឯថ្នាក់អនុបណ្ឌិតវិញ បេក្ខជនត្រូវមានអាយុយ៉ាងច្រើន៣៥ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ មួយវិញទៀតបេក្ខជន ត្រូវតែមានជំនាញនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងទទួលបានលទ្ធផលល្អនៅក្នុងការសិក្សាផងដែរ។ ក្នុងនោះបេក្ខជន ក៏តម្រូវឱ្យមានឯកសារមួយចំនួនដូចជា លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ២៤ខែ ព្រឹត្តិបត្រពិន្ទុជាភាសាអង់គ្លេស ឯកសារពិនិត្យសុខភាព ប្រវត្តិរូបសង្ខេប (CV) វិញ្ញាបនបត្រតេស្តភាសាអងគ្លេស (TOEFL/TOEIC/IELTS) លិខិតលើកទឹកចិត្ត(Motivation letter) និងការប្តេជ្ញាចិត្តបញ្ចប់ការសិក្សា និងជាចុងក្រោយគឺលិខិតណែនាំពីស្ថានទូតឥណ្ឌួណេស៊ីប្រចាំកម្ពុជា។

បើតាមប្រភពដដែល តាមរយៈកម្មវិធីនេះ បេក្ខជននឹងទទួលបានអត្ថប្រយោជន៍មួយចំនួនដូចជា ការសិក្សាដោយឥតគិតថ្លៃចំនួន ៤ឆមាសសម្រាប់ថ្នាក់អនុបណ្ឌិត និង ៨ឆមាសសម្រាប់ថ្នាក់បរិញ្ញាបត្រ។ លើសពីនេះទៀតបេក្ខជននឹងទទួលបាន ប្រាក់ឧបត្ថម្ភទៅលើការចំណាយប្រចាំខែ ថ្លៃសៀវភៅ ការស្រាវជ្រាវ និងការធានារ៉ាប់រងសម្រាប់ជម្ងឺដែលមានលក្ខណៈស្រាលៗ។ បន្ថែមពីលើនេះ បេក្ខជននឹងទទួលបានសិក្សាដោយឥតគិតថ្លៃទៅលើភាសាឥណ្ឌូណេស៊ីចំនួន ៥ខែ និងការបង់ថ្លៃសម្រាប់អន្តេវាសិកដ្ឋានរយៈពេល ១០ខែផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ តំណរភ្ជាប់ និងដាក់ពាក្យឱ្យបានមុនថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា កម្មវិធីសិក្សាខ្លះក៏តម្រូវឱ្យបេក្ខជនមានចំណេះដឹងភាសាឥណ្ឌូណេស៊ីដែរ៕

Khcct banner

អត្ថបទទាក់ទង